ព្រឹក​នេះ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​លើ​សំណុំ​រឿង​មេដឹកនាំ​សហជីព ៦រូប

  • 2018-12-07 01:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​មេដឹកនាំ​សហជីព​ចំនួន ០៦​រូប នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ពាក់ព័ន្ធ​នឹង​ករណី​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤។

សវនាការ​នេះ មាន​លោក អ៊ឹម វណ្ណៈ ជា​ចៅក្រម​ជំនុំ​ជម្រះ លោក​ លី សុផាណា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ និង​លោក វុន សុជាតិ ជា​ក្រឡា​បញ្ជី​សវនាការ។

មេដឹកនាំ​សហជីព​ដែល​ពាក់ព័ន្ធនឹង​ការ​ដឹក​នាំ​ធ្វើបាតុកម្ម​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ផ្លូវវ៉េងស្រេង មាន​ដូច​ជា៖

១.លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា

២. លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា

៣. លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា

៤. លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា

៥. អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្មករកម្ពុជា និង

ទី៦. អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីព នៃឧស្សាហកម្មកាត់ដេរកម្ពុជា។

លោកលី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារ​សិទ្ធិ​ឲ្យជនជាប់ចោទ​ទាំង ០៦នាក់ ចូលរួម​សវនាការ​ពី​ដំណើរ​រឿង​ឈ្មោះ អាត់ ធន់ , ឈ្មោះ ម៉ម ញឹម , ឈ្មោះ ប៉ាវ ស៊ីណា , ឈ្មោះ ជា មុនី , ឈ្មោះ រ៉ុង ឈុន និងឈ្មោះ យ៉ាង សោភ័ណ្ឌ ប្រព្រឹត្ត​៖

  • បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស

  • បទ​ធ្វើឲ្យខូចខាត​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់​ទោស

  • បទ​គំរាម​កំហែងថា​នឹងធ្វើឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ និង​

  • បទ​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់ចរាចរណ៍​សាធារណៈ ប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ២១៨ , មាត្រា ៤១១ , មាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;