រដ្ឋសភា ប្រជុំអនុម័ត​បើកផ្លូវឲ្យ​អតីត​មន្ត្រី CNRP មាន​សិទ្ធិ​ធ្វើនយោបាយ​វិញ នៅ​ថ្ងៃ​១៣ ខែ​ធ្នូ

  • 2018-12-11 03:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១៣ ខែធ្នូ ខាងមុខនេះ រដ្ឋសភា​នឹង​ប្រជុំ​វិសាមញ្ញ ដើម្បី​ពិភាក្សា​អនុម័ត្ត​សេចក្តីស្នើច្បាប់​ស្តីពី​វិសោជនកម្ម​មាត្រា ៤៥​ថ្មី (ស្ទួន) នៃ​ច្បាប់ស្តីពី​គណបក្ស​នយោបាយ​តាមសំណើ​របស់​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន ៨៧រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សេចក្តីព្រាងច្បាប់​ស្តីពី​បរធនបាលកិច្ច។

ការកំណត់​ថ្ងៃប្រជុំវិសាមញ្ញ​រដ្ឋសភា​នេះ គឺ​បន្ទាប់​ពី​គណៈកម្មាធិការអចិន្ត្រៃយ៍​បាន​ប្រជុំ​សម្រេច​នៅ​ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ។

គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា បើកកិច្ចប្រជុំ​នៅថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ
តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន ៨៧រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តួចផ្តើម​ធ្វើសេចក្តី​ស្នើច្បាប់​ស្តីពី​វិសោជនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃ​ច្បាប់ស្តីពី​គណបក្ស​នយោបាយ​កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។ សេចក្តី​ស្នើច្បាប់ស្តីពី​វិសោជនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃ​ច្បាប់ស្តីពីគណបក្ស​នយោបាយ​នេះ ជាការបន្ថែម​នូវវាក្យខណ្ឌ​មួយ​ថ្មីក្នុង​មាត្រា ៤៥ថ្មី (ស្ទួនមួយ) គឺ “បុគ្គលដែលត្រូវ​បានតុលាការ​សម្រេចហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ មិន​អាច​បង្កើតគណបក្ស​នយោបាយ ឬចូលរួមក្នុង​គណបក្សនយោបាយ​ណាមួយ ឬឈរឈ្មោះឲ្យ​គេបោះឆ្នោត ឬធ្វើសកម្មភាព​ណាមួយ​គាំទ្រ ឬប្រឆាំង​គណបក្សណាមួយ​បាន​ឡើយ។ បុគ្គលដែលបាន​តុលាការ​សម្រេចហាមឃាត់​ធ្វើសកម្មភាព​នយោបាយនេះ នឹងអាចទទួល​បាននូវសិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញច្បាប់ បន្ទាប់​ពីផុតរយៈពេល​នៃការហាមឃាត់​ដែលកំណត់ដោយ​សាលដីកា​របស់តុលាការ​កំពូល ឬក្នុងករណី​ដែលបុគ្គល​នោះត្រូវបានផ្តល់​នីតិសម្បទាឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាមសំណើ​របស់​នាយកករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ”។

គួរបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ​ត្រូវបានរដ្ឋសភា​ពិភាក្សា និង​អនុម័ត​ដំបូង នៅថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដោយច្បាប់​នេះដំបូង​មានតែ ៤៥មាត្រា និង​បានធ្វើវិសោធនកម្ម​ចំនួន​ពីរ​ដង គឺវិសោធនកម្ម​លើកទី១ នៅ​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ និង​វិសោធនកម្ម​លើកទី២ នៅថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ២០១៧ ។

ការធ្វើវិសោធនកម្ម​ច្បាប់នេះ នាពេលនោះ គឺ​ជាការ​ចាំបាច់ ដោយ​មាន​ការគិតគូរជជែក​គ្នាអំពី​តំណាងរាស្ត្រ ឬ​សមាជិកព្រឹទ្ធសភា ជាដើម ដើម្បី​ធ្វើយ៉ាងណាឲ្យ​វិសោធនកម្មនេះ សម្រាប់​គល់​ថ្វាយព្រះមហាក្សត្រ និង​ការទទួលខុសត្រូវ​របស់គណបក្ស​នយោបាយនៅ​កម្ពុជា ស្របតាម​សភាពការណ៍​វិវត្តជាក់ស្តែង​របស់ស​ង្គមកម្ពុជា​ក្នុង​ការអនុវត្ត​គោលការណ៍លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស ពង្រឹងសន្តិសុខ ឯករាជ្យ អធិបតេយ្យភាព។

ចំណែកការធ្វើវិសោធនកម្មច្បាប់នេះ ជាលើកទី៣ គឺដើម្បីធានាភាពច្បាស់លាស់​របស់​បុគ្គល ដែល​ត្រូវបានតុលាការ​កំពូល​សម្រេច​ហាមឃាត់ ការធ្វើសកម្មភាព​នយោបាយ និង​ប្រសិទ្ធភាព​នៃ​ការអនុវត្តច្បាប់​ដែល​នៅ​ជាធរមាន ដើម្បី​លើកកម្ពស់ស្មារតី​បង្រួបបង្រួមជាតិ និង​ពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​នៅ​កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;