ម៉ាឡេស៊ី​ប្រកាស​ឈប់​នាំចេញ​ស៊ុត ខណៈ​សិង្ហបុរី​ត្រូវការ​ស៊ុត​ជាង ៧០% ពី​ម៉ាឡេស៊ី

  • 2018-12-14 02:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ បាន​ប្រកាស​ថា ម៉ាឡេស៊ី​គ្រោង​នឹង​បញ្ឈប់​ការនាំចេញ​ស៊ុត​ទៀត​ហើយ ក្នុង​គោលបំណង​ធានា​ការ​ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​របស់​ខ្លួន។

រូបភាព៖ អាជ្ញាធរ​ចំណីអាហារ​កសិកម្ម​សិង្ហបុរី​

ការ​ប្រកាស​របស់​ម៉ាឡេស៊ី​នេះ គឺ​ខណៈពេល​ដែល​សិង្ហបុរី​ត្រូវការ​ការ​នាំចូល​ស៊ុត​ពី​ម៉ាឡេស៊ី​ប្រមាណ ៧៣% កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ។ នេះ​បើតាម​អាជ្ញាធរ​ចំណីអាហារ​កសិកម្ម​របស់​សិង្ហបុរី។ ការ​ប្រកាស​នេះ ក៏​ស្របពេល​ដែល​ប្រទេស​ទាំងពីរ​កំពុង​មាន​ជម្លោះដែន​ទឹក និង​ដែន​អាកាស​ជាមួយ​គ្នា​ផង​ដែរ។

ទោះយ៉ាងណា នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ចំណីអាហារ​កសិកម្ម​សិង្ហបុរី​បាន​ចេញ​មក​បញ្ជាក់​ថា សិង្ហបុរី​មាន​ប្រភព​ផ្សេងទៀត​យ៉ាងច្រើន​សម្រាប់​តម្រូវការ​ស៊ុត ស្របតាម​យុទ្ធសាស្រ្ត​ពិពិធកម្ម​ចំណីអាហារ​របស់​ខ្លួន។ ក្នុង​នោះ រួមមាន​ទាំង​កសិដ្ឋាន​ក្នុងស្រុក​របស់​សិង្ហបុរី ដែល​ផលិត​បាន ២៧% នៃ​ការប្រើប្រាស់​ស៊ុត​សរុប​ក្នុង​ប្រទេស​សិង្ហបុរី ខណៈ​តិចជាង ១% ទៀត នាំចូល​ពី​ប្រទស​ថៃ ជប៉ុន អូស្រ្ដាលី និង​ណូវែលហ្សេឡង់។

យោងតាម​ទីផ្សារ​ផ្គត់ផ្គង់​ទំនិញ​ក្នុង​ប្រទេស​សិង្ហបុរី NTUC Fairprice បាន​បញ្ជាក់​ថា ប្រមាណ ៤០% នៃ​ស៊ុត​របស់​ខ្លួន គឺនាំចូល​មកពី​ប្រទេស​ម៉ាឡេស៊ី ហើយ​តម្លៃ​វិញ​បាន​កើនឡើង ៥% កាលពី​សប្ដាហ៍​មុន។ ចំណែក​​ទីផ្សារ​ផ្គត់ផ្គង់​ទំនិញ​មួយ​ទៀត​ក្នុង​ប្រទេស​សិង្ហបុរី Sheng Siong បាន​បញ្ជាក់​ថា ប្រមាណ ៥០% នៃ​ស៊ុត​របស់​ខ្លួន នាំចូល​មកពី​ម៉ាឡេស៊ី ហើយពេល​នេះ Sheng Siong កំពុង​ពិចារណារ​នាំចូល​ពី​ប្រទេស​ថៃ​ជំនួស​វិញ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;