Cambodia Airports រំពឹង​ថា​នឹង​ទទួលបាន​អ្នកដំណើរ ១០លាន​នាក់ នៅ​ដំណាច់​​ឆ្នាំនេះ

  • 2018-12-18 03:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយពី​ការពង្រីក​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធ្វើឲ្យ​ល្អប្រសើរ​ឡើង​នូវ​សេវាកម្ម​របស់ខ្លួន ក្រុមហ៊ុន Cambodia Airports ​រំពឹងថា​​ ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នឹង​ឈានដល់ ​១០​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ។

លោក Éric DELOBEL នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodia Airports នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្តសៀមរាប ​ដែល​រៀបចំ​ដោយ​ក្លឹប​អ្នកកាសែត​​​កម្ពុជា​​ សហកា​រ​ជាមួយ​សហភាព​អឺរ៉ុប កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថា​៖​ «កាលពី​ឆ្នាំ​២០១៧​ យើង​ទទួលបាន​អ្នកធ្វើដំណើរ​៨,៨​លាន​នាក់​។ ​តែ​ក្នុងឆ្នាំនេះ យើង​បានដាក់​គោលដៅ​ថ្មី គឺ​យើង​នឹង​ទទួល​ស្វាគមន៍​អ្នកធ្វើដំណើរ​ជាង​១០​លាន​នាក់»។​

អ្នកដំណើរ​ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីពេលកន្លងមក
​លោក​បាន​បន្តថា​នៅក្នុង​ឆ្នាំ​២០១៧ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និង​សៀមរាប បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ជា​មធ្យម​គឺ ​៤​លាន​៤​សែន​នាក់ ហើយ​បានធ្វើ​ការ​ហោះហើរ​ទៅកាន់ ​៥៥​គោលដៅ និង​៧០០​ជើងហោះហើរ ​ជា​រៀងរាល់​សប្តាហ៍​។ ១៧​ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប​ចាប់់ពី​ឆ្នាំ​២០១៤​និង​២០១៥ គឺ​ទទួលបាន​ពី​អាកាសយានដ្ឋាន​អន្តរជាតិ ដោយ​បាន​បង្កើត​ការងារ​ចំនួន​ ១​លាន​៧​សែន​ការងារ ​ស្មើនឹង​២០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​មាន​ការងារ​ធ្វើ​។​

​យោងតាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​ក្រសួង​ទេសចរ​ចេញផ្សាយ​ការ​ពី​ខែតុលា ​កន្លងទៅ ភ្ញៀវទេសចរ​អន្តរជាតិ​តាម​ផ្លូវ​អាកាស​ចូលមក​កម្ពុ​ជាមាន​ចំនួន​ជាង​៣​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨ និង​២​លាន​នាក់​ជាង​ក្នុង​ឆ្នាំ​២០១៧ ហើយ​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​តាម​អាកាស​ចេញទៅ​ក្រៅប្រទេស​មាន​សរុប​ជាង​៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨ និង​៥​លាន​នាក់​ក្នុង​ឆ្នាំ​២០១៧​។ ភ្ញៀវ​ទេសចរណ៍​ចិន​ស្ថិតក្នុង​លំដាប់ថ្នាក់​លេខ​មួយ​។​

​កាលពី​ខែវិច្ឆិកា​កន្លងទៅ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន សម្រេចការ​ជួសជុល​ទ្រង់ទ្រាយ​ធំ​នូវ​ផ្លូវរត់​សម្រាប់​យន្តហោះ​ធុនធ្ងន់ ប្រវែង​៣០០០​ម៉ែត្រ ដែល​អស់​ទឹកប្រាក់​ ១២​លាន​ដុល្លារ។

វិស័យ​ទេសចរណ៍​គឺជា​ផ្នែក​មួយ​ដែល​ជួយ​រក​ចំណូល​មួយផ្នែកធំ​ដល់​ប្រទេស​កម្ពុជា ក្រៅពី​វិស័យ​កាត់ដេរ សំណង់ និង​កសិកម្ម​។​ យោងតាម​ក្រសួងទេសចរណ៍ វិស័យ​ដ៏​សំខាន់​នេះ​បានផ្តល់​ប្រាក់ចំណូល​ចូល​រដ្ឋ ជារួម​ប្រមាណ ជា​៣​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ហើយ​ចំនួន​នេះ​មានការ​កើនឡើង​ជាង​១៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;