អ្នកជំនាញ​ថា​​វិស័យ​អចលនទ្រព្យ​កម្ពុជា​ នៅតែមាន​ភាព​ល្អ​ប្រសើរ សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខ​

  • 2018-12-19 01:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បានលើកឡើង​ស្រដៀង​គ្នា​ថា វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា នៅតែមាន​សុខភាព​ល្អប្រសើរ សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត​ជាពិសេស អគារ​អា​ផាត​ម៉ិ​ន និង​ខុន​ដូ​នៅ​ក្នង​រាជធានី​ភ្នំពេញ នឹង​កើនឡើង​លើស​ទ្វេដង​នៅត្រឹម​ឆ្នាំ​២០៣០​​ខាងមុខ​។​

យោងតាម​ការសិក្សា​ថ្មី​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Vtrust Appraisal បាន​រកឃើញ​ដែល​បានធ្វើ​បទ​បង្ហាញ​នៅ​សណ្ឋាគារ​Raffle Le Royal​ កាលពី​ព្រឹក​ថ្ងៃទី​១៨​ ធ្នូ​ នេះ ​បាន​ឲ្យ​ដឹងថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​នៅតែ​បន្ត​កើនឡើង​លើស​ទ្វេរ​ដង​នៅត្រឹម​ឆ្នាំ​២០៣០​ ខាងមុខនេះ ខណៈ​អា​ផាត​ម៉ិ​ន​នៅ​កម្ពុជា​បច្ចុប្បន្ន​ មាន​ចំនួន​ ៩០២១​យូ​នី​ត ស្មើនឹង​ ៣៥៥​គម្រោង​។ ប៉ុន្តែ​ចំនួន​អា​ផាត​ម៉ិ​ន​នឹង​កើន​ដល់ ​២៨០០០​យូ​នី​ត​នៅត្រឹម​ឆ្នាំ​២០៣០ ជាការ​កើនឡើង​ក្នុង​សេណារីយោ​ធម្មតា បើ​ពិនិត្យមើល​ពី​ចំនួន​នៃ​ការផ្គត់ផ្គង់​ប​ច្ចុប្បន្ន​។​

សំណង់​អាផាតម៉ិននៅរាជធានីភ្នំពេញ
​លោក គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Vtrust Group​ មានប្រសាសន៍​ឲ្យ​ដឹងថា របាយ​ការ​ស្តីពី​អចលនទ្រព្យ​ដែល​ត្រូវ​បានបង្ហាញ​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អចលន​មានដំណើ​ការល្អ និង​និរន្តរភាព ព្រមទាំង​ជួយ​ទាក់ទាញ​វិស័យ​ផ្សេងៗ​ទៀត​មានការ​រីកចម្រើន​ផងដែរ​។​

​លោក​បន្តថា “​រហូតមកទល់​ពេលនេះ យើង​មិនទាន់​ឃើញ​សញ្ញា​អ្វីមួយ​គួរ​ឲ្យ​បារម្ភ​នោះទេ ដោយសារ​កម្ពុជា​នៅតែ​រក្សាបាន​កំនើនសេដ្ឋកិច្ច ពិសេស​ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​សង្គម​រយៈពេល​វែង​បន្តទៀត​”​។​

​លោក ច្រឹ​ក សុខ​នី​ម អគ្គ​នាយ​ក្រុមហ៊ុន Century 21 Mekong ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹងថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែមាន​ដំណើរ​ល្អប្រសើរ​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខនេះ និង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ជាពិសេស​នៅក្នុង​ក្រោម​ខណ្ឌ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារ​កំណើន​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ជាច្រើន​កំពុងតែ​រកស៊ី​ក្នុង​វិស័យនេះ​កាន់តែច្រើន ស្របទៅនឹង​ការសិក្សា​នេះ​បាន​រកឃើញថា ខ​ណ្ឌ​ចំការមន​ ខ​ណ្ឌ​ទួលគោក ខណ្ឌ​៧​មករា និង​ខ​ណ្ឌ​ដូនពេញ​ដែលមាន​ចំនួន​អា​ផាត​ម៉ិ​ន​ច្រើនជាងគេ​។​

​របាយការណ៍​សិក្សា​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ដំណាច់ត្រីមាស​ទី​៤​នេះ អា​ផាត​ម៉ិ​ន​ចំនួន​ ៧៦០០​យូ​នី​ត​ត្រូវបាន​ជួល ស្មើនឹង​អត្រា​គ្របដណ្តប់​ការប្រើប្រាស់​សរុប​ ៨៤​ភាគរយ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ ​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អា​ផាត​ម៉ិ​ន​ទាំងនោះ អា​ផាត​ម៉ិ​ន​១​បន្ទប់​គេង​ មានការ​ផ្គត់ផ្គង់​ច្រើនជាងគេ​ក្នុង​ទីផ្សារ ស្មើនឹង​៥៥​ភាគរយ​នៃ​អា​ផាត​ម៉ិ​ន​សរុប និង​អា​ផាត​ម៉ិ​ន​ ២​បន្ទប់​គេង​ ស្មើនឹង​៣៤​ភាគរយ​នៃ​ចំណែក​ទីផ្សារ​សរុប​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;