ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ-បាវិត នឹង​ត្រូវ​ចំណាយ​សាងសង់​ច្រើនជាង​ផ្លូវ ភ្នំពេញ-ព្រះសីហនុ

  • 2018-12-20 01:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា រហូត​មកដល់​ពេលនេះ ការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ពី​រាជធានី​ភ្នំពេញ-បាវិត (ព្រំដែន​កម្ពុជា-វៀតណាម) គឺបាន​សិក្សា​រួចរាល់​ចប់​សព្វ​គ្រប់​អស់ហើយ ដែលត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣៨០០លាន​ដុល្លារ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​វេបសាយ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក​ថ្លែង​ថា រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ធ្វើការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​បាវិត ដែលមាន​ចម្ងាយ​ផ្លូវប្រវែង ១៦០​គីឡូម៉ែត្រ ដើម្បី​ធ្វើការ​សាងសង់​ផ្លូវនេះ។

លោក ស៊ុន ចាន់ថុល ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីពេលកន្លងមក
​រដ្ឋមន្រ្តី​រូបនេះ បានគូស​បញ្ជាក់​ថា ការ​ចំណាយ​យ៉ាងច្រើន​សម្រាប់​សាងសង់​ផ្លូវ​ល្បឿនលឿន​នេះ ដោយសារតែ​ផ្លូវ​ដែល​ត្រូវ​សាងសង់​ គឺមាន​លិចទឹក ហើយកាត់​តាម​បឹង ឬតំបន់​លិចទឹក​ច្រើន ដែល​មាន​ប្រវែង​រហូតដល់ ៨០​គីឡូម៉ែត្រ ជាហេតុ​ធ្វើឱ្យ​តម្លៃ​ក្នុងការ​ចំណាយ​សាងសង់​ច្រើន។

លោក ស៊ុន ចាន់ថុល បាន​ប្រៀបធៀប​ទៅនឹង​ការ​សាងសង់​ផ្លូវ​ល្បឿនលឿន ពី​ភ្នំពេញ ទៅខេត្ដ​ព្រះសីហនុ ដែលមាន​ប្រវែង១៩០​គីឡូម៉ែត្រនោះ គឺ​ចំណាយ​ថវិកា ប្រមាណ​តែ ២ពាន់​លានដុល្លារ​ប៉ុណ្ណោះ ដោយសារផ្លូវ​នេះ មិនមាន​ការ​សាងសង់​ឆ្លងកាត់​បឹង ឬតំបន់​លិចទឹក ដូចផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ ទៅ​បាវិត​នោះទេ។

ដោយសារតែ​ទំហំ​ទឹកប្រាក់​ក្នុងការ​ចំណាយ​សាងសង់​ផ្លូវល្បឿនលឿន​ពី​ភ្នំពេញ ទៅបាវិត​នេះ គឺមាន​ចំនួន​ច្រើនពេក​នោះ រាជរដ្ឋាភិបាល​មិនទាន់​សម្រេច​ធ្វើការ​សាងសង់ ឬ​យ៉ាងណាទេ ដោយ​កំពុងតែ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​កសាង។ នេះបើតាម​ការលើកឡើង​បន្ថែម​របស់​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;