សហព័ន្ធ ប្រតិកម្ម​នឹងអង្គការ​សិទ្ធិមនុស្ស HRW ជុំវិញការ​រិះគន់មក​លើ​ Honda

  • 2018-12-21 06:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តាមរយៈ​សេចក្តីថ្លែងការណ៍​នៅថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨នេះ បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ (HRW) មកលើ​លោក Keisuke Honda អ្នក​ចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជា ថា​មាន​ចរិត​នយោបាយ​ដែល​មិនត្រឹមតែ​បន្ទុច​បង្អាក់​ការ​រួមចំណែក​របស់​ Honda ក្នុងវិស័យ​បាល់ទាត់​នៅកម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅក្នុង​តំបន់​អាស៊ាន ទ្វីបអាស៊ី និង​អន្តរជាតិ​ផងដែរ។

ប្រតិកម្មនេះ ធ្វើឡើង​ក្រោយពេល​ដែល​លោក Brad Adams នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ HRW បាន​រិះគន់​ថា ការណ៍​ដែល​លោក Honda ចាប់ដៃធ្វើការ​ជាមួយ​លោក សៅ សុខា ប្រធាន​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា នឹង​បង្កើត​ឱ្យ​មាន​ភាព​អាប់ឱន​ដល់​មុខមាត់​របស់​លោក​ផង និង​មុខមាត់​ជាតិ​ (ជប៉ុន) របស់​លោក​ផង។​ លោក Brad Adams បាន​ចោទ​លោក សៅ សុខា ថាមាន​ការ​ជាប់ពាក់ព័ន្ធ​ក្នុងរឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

Keisuke Honda ចាប់ដៃជាមួយលោក សៅ សុខា ក្នុងសន្និសីទសារព័ត៌មាន​កាលពីខែសីហា ឆ្នាំ២០១៨។ រូបថត៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ បញ្ជាក់​ថា សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក សៅ សុខា គឺ​ជាសមាជិក​ដ៏ល្អ​របស់​សហព័ន្ធ​កីឡាបាល់ទាត់ AFF, AFC និង FIFA។ ក្រោម​ការចូលរួម​ចំណែក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ទាំងនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​នឹង​កំពុង​ដំណើរ​ការ​អភិវឌ្ឍន៍ ដើម្បី​ឆ្ពោះ​ទៅកាន់​ពានរង្វាន់​ស៊ីហ្គេម​ឆ្នាំ​២០២៣ និង​ពានរង្វាន់​នានា​ជាបន្តបន្ទាប់។

សហព័ន្ធ​បញ្ជាក់​ថា Honda គឺ​ជាកីឡាករ​លំដាប់​ពិភពលោក​ដែល​បាន​លេង​ក្នុងពានរង្វាន់ FIFA World Cup បីជំនាន់ ហើយ​ជាកីឡាករ​តែមួយគត់​មកពី​តំបន់​អាស៊ី ដែល​អាចរកគ្រាប់បាល់​ក្នុង​ព្រឹត្តិការណ៍​នេះ ៣ជំនាន់​បន្តបន្ទាប់​គ្នា និង​ជាកីឡាករ​ជាទីស្រឡាញ់ និង​ជាគោរព​របស់​អ្នក​ស្នេហា​កីឡាបាល់ទាត់​ក្នុង​ពិភពលោក។ Honda បាន​ស្ម័គ្រចិត្ត​ចូលរួម​ចំណែក​អភិវឌ្ឍ​កីឡា​បាល់ទាត់​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា ឆ្ពោះ​ទៅកាន់​កម្រិត​តំបន់ និង​ទ្វីប​អាស៊ី។

សូម​ជម្រាប​ថា Keisuke Honda បាន​ក្លាយ​ជា​អ្នកចាត់​ការទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា កាលពីខែសីហា ឆ្នាំ២០១៨ ក្នុងកិច្ច​សន្យា​រយៈពេល ២ឆ្នាំ ដោយ​មិន​យក​ប្រាក់​កម្រៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;