បឹង​យក្ស​ឡោម ជាប់​លេខ​១២ ជា​បឹង​ស្អាត​ កើត​ចេញ​ពី​បន្ទុះ​ភ្នំភ្លើង​លើ​ពិភពលោក

  • 2018-12-22 01:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​គេហទំព័រ EARTH Porm បាន​ផ្សាយ​ថ្មីៗ​នេះ​ថា បឹង​យក្ស​ឡោម​ ស្ថិត​ក្នុង​ក្រុង​បាន​លុង​ខេត្ត​រតនគិរី បាន​ជាប់​លេខ​១២ ក្នុង​ចំណោម​បឹង​ធម្មជាតិ​ដែល​កើត​ចេញ​ពី​បន្ទុះ​ភ្នំភ្លើង​កាលពី​៤០០០​ឆ្នាំមុន​មក​ម្ល៉េះ ចំនួន​១៥ ដែល​គេ​ស្រាវជ្រាវ​រកឃើញ​នៅ​លើ​ពិភពលោក​។​

លោក ង៉ែ​ត្រ វិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី បាន​​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ថា បើ​ទោះបីជា​បឹង​យក្ស​ឡោម ជាប់​បាន​ចំណាត់ថ្នាក់​លេខ​១២​នៅ​លើ​ពិភពលោក​ក៏ដោយ ក៏​មិន​ចាញ់​បឹង​បន្ទុះ​ភ្នំភ្លើង​មាន​សម្រស់​ស្អាត​ដាច់​គេ​ជាប់​លេខ​១ នៅ​សហរដ្ឋ​អាមេរិក​ឡើយ​។ លោក​ថា បឹង​យក្ស​ឡោម​កើត​ចេញ​ពី​ប​ន្ទុះ​ភ្នំភ្លើង​ មាន​ជម្រៅ​ ៤៧​ម៉ែត្រ មាន​ព្រៃឈើ​ដុះ​ព័ទ្ធជុំវិញ​ផ្តល់​នូវ​សម្រស់​បៃតង និង​មាន​ទឹកថ្លា​ពណ៌​ខៀវ​ស្រងាត់​។ ចំណែក​បឹង​ធម្មជាតិ​កើត​ចេញ​ពី​ប​ន្ទុះ​ភ្នំភ្លើង​ជាប់​លេខ​១ ស្ថិតនៅ​លើ​ភ្នំ Mazama ក្នុង​រដ្ឋ Oregon ភាគ​ខាងលិច នៃ​សហរដ្ឋ​អាម៉េរិក មាន​ជម្រៅ​រណ្ដៅ ​៥៩៤​ម៉ែត្រ​។

ទោះបី​បឹង​យក្ស​ឡោម​ជាប់​បាន​លេខ​១២​នៅ​លើ​ពិភពលោក​ក្តី ក៏​លោក វិទូ នៅតែ​អួត​សរសើរ​មិន​ដាច់​ពី​មាត់​ថា បឹង​យក្ស​ឡោម​ស្អាត​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ មាន​ម្លប់​ដើមឈើ​ត្រជាក់ ភ្ញៀវ​ទេសចរ​ណា​បាន​មកដល់​ឃើញ​ជាក់ស្តែង ពិតជា​ស្ងោ​ច​សរសើរ​មិន​ដាច់​ពី​មាត់​ និង​ចង់​មកលេង​ម្តង​ហើយ​ម្តង​ទៀត​។ នៅ​ឆ្នាំ​២០១៨​នេះ ទេសចរណ៍​ខេត្ត​រតនគិរី​ ទទួល​ភ្ញៀវ​ជាតិ​បាន​ជាង​ ១៩​ម៉ឺន​នាក់ និង​ទេសចរ​អន្តរជាតិ​បាន​ជាង​ ២,៤​ម៉ឺន​នាក់ កើន​ជាង ​១០%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​។

គួរ​បញ្ជាក់​ថា បឹង​ធម្មជាតិ​កើត​ចេញ​ពី​ប​ន្ទុះ​ភ្នំភ្លើង​រាប់ពាន់​ឆ្នាំ ទាំង​១៥ មាន​ដូចជា នៅ​អាមេរិក​២​កន្លែង នៅ​ហ្វីលីពីន​ ២​កន្លែង នៅ​អៀរឡង់ នៅ​ឥណ្ឌូណេស៊ី នៅ​អេក្វាទ័រ នៅ​ព្រំដែន​កូរ៉េខាងជើង នៅ​អេស្ប៉ាញ នៅ​ជប៉ុន​ ២​កន្លែង នៅ​ស៊ី​លី នៅ​ប្រទេស​អា​ហ្វ្រី​ក​ និង​នៅ​កម្ពុជា​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;