ឆ្នាំ​២០១៨​ កម្ពុជា​នាំ​អង្ករ​ចេញ​ បាន​ជាង ​៦២​ម៉ឺន​តោន

  • 2019-01-10 06:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ផ្លូវការ របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ សម្រាប់​បំពេញ​បែបបទ​នាំចេញ​អង្ករ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​អង្ករ ទៅ​ទី​ផ្សារ​អន្តរជាតិ​ជាង​ ៦២ម៉ឺន​តោន (៦២៦២២៥) ធ្លាក់​ចុះ​ ១,៥​% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន ៦៣៥៦៧៩​តោន​។​

ប្រភេទ​អង្ករ​ដែល​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​៖ អង្ករ​ក្រអូប​ចំនួន​ ៤៩៣៥៩៧​តោន ស្មើនឹង ៧៨,៨២​% អង្ករ​ស​គ្រាប់​វែង ចំនួន​១០៥៩៩០​តោន ស្មើនឹង​១៦,៩៣​% និង​អង្ករ​ចំហុយ គ្រាប់​វែង​ចំនួន ២៦៦៣៨​តោន ស្មើនឹង​៤,២៥​%​។​ ចំពោះ​ទីផ្សារ​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាង​គេ គឺ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដែល​មាន​ចំនួន​ជិត​ ២៧​ម៉ឺន​តោន ស្មើនឹង​៤២,៩៨​% ​នៃ​ចំនួន​ដែល​បាន​នាំ​ចេញ​ទាំង​អស់​។

ចំណែក​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាង​គេ​វិញ គឺ​ប្រទេស​ចិន ចំនួន​ជាង​១៧​ម៉ឺន​តោន ស្មើនឹង​២៧,១៧​%​ ប្រទេស​បារាំង ឈរ​នៅ​លំដាប់​លេខ​២ ជិត​៩​ម៉ឺន​តោន លេខ​៣ ប្រទេស​ម៉ាឡេស៊ី ជាង​៤​ម៉ឺន​តោន លេខ​៤​ប្រទេស Gabon ជាង​៣​ម៉ឺន​តោន លេខ​៥ ប្រទេស​ហូ​ឡង់ ជាង​២,៦​ម៉ឺន​តោន​ លេខ​៦ ប្រទេស​វៀតណាម ជាង​២,៦​ម៉ឺន​តោន លេខ​៧ ប្រទេស​ថៃ ជាង​ ២,៣​ម៉ឺន​តោន លេខ​៨ ប្រទេស​ប៉ូឡូញ ជាង​២,៣​ម៉ឺន​តោន លេខ​៩ ប្រទេស​បែលហ្ស៊ិក ជិត​២​ម៉ឺន​តោន និង​លេខ​១០ ប្រទេស​អង់គ្លេស ជិត​២​ម៉ឺន​តោន​។

​សម្រាប់​កត្តា​ដែល​ធ្វើឲ្យ​ការ​នាំចេញ​ធ្លាក់​ចុះ ​ត្រូវ​បាន​រដ្ឋាភិបាល​អះអាង​ថា មាន​កត្តា​ ២​យ៉ាង ក្នុង​នោះ ​មាន​កត្តា​អន្តនោម័ត និង​កត្តា​សត្យានុម័ត​។​ កត្តា​អន្តនោម័ត ត្រូវ​បាន​រដ្ឋាភិបាល​ពន្យល់​ថា បណ្តាល​មកពី​ការ​ខ្វះខាត​ថវិការ​ទិញ​អង្ករ​ពី​ប្រជាពលរដ្ឋ ផលិតភាព និង​ការ​ហូរ​ចេញ​ស្រូវ​ទៅ​ប្រទេស​ជិតខាង​។ ចំណែក​កត្តា​សត្យានុម័ត គឺ​បណ្តាល​មក​ពី​វិបត្ត​នៅ​ក្នុង​តំបន់ និង​ពិភពលោក ដែល​មាន​គូរ​ប្រកួតប្រជែង​ច្រើន ហើយ​ប្រទេស​នានា នៅ​ក្នុង​តំបន់​អាស៊ាន បាន​ផលិត​ស្រូវ​ដូចគ្នា​ដើម្បី​នាំចេញ​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;