រដ្ឋមន្រ្តី ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ពន្លឿន​រៀបចំ​សោភ័ណភាព​ ត្រៀម​​បុណ្យទន្លេ

  • 2019-01-11 02:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ពន្លឿន​ការ​រៀបចំ​សោភ័ណភាព​ក្នុងខេត្ត ដើម្បី​ត្រៀម​ឆ្ពោះទៅ​រក​ការ​រៀបចំ​បុណ្យទន្លេ​លើកទី៥ ដែល​ខេត្ត​នេះ​ធ្វើជាម្ចាស់ផ្ទះ។ ការ​ជំរុញ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​លើកទី២ស្តីពី​ការ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​នៅខេត្ត​កំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៩ ដោយ​មាន​ការចូលរួមពី​លោក ឈូរ ច័ន្ទឌឿន អភិបាល​ខេត្ត​ផងដែរ។

លោក​រដ្ឋមន្រ្តី បន្ត​ថា ការ​រៀបចំ​បុណ្យ​ទន្លេ ជា​ឱកាស​ដ៏ល្អ​ប្រសើរ​បំផុត ក្នុងការ​លើក​កម្ពស់ ការ​យល់ដឹង​ជា​សាធារណៈ ពីការ​ថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ វប្បធម៌ ទេសចរណ៍ ការរៀបចំ​សណ្តាប់ធ្នាប់​ អនាម័យ បរិស្ថាន និង​ការចូលរួម​សម្អាត​ទីក្រុង ទីប្រជុំជន និង​ផ្ទះស្នាក់​នានា​ ឱ្យ​មាន​សោភ័ណ​ភាព​ស្អាត ភាព​ញញឹម រួសរាយ​រាក់ទាក់ និង​បដិសណ្ឋារកិច្ច​ល្អ និង​ការ​ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ជាដើម ។

សូម​ជម្រាប​ថា ពិធីបុណ្យ​ទន្លេ​លើកទី​៥ នៅខេត្ត​កំពង់ឆ្នាំង​នេះ គ្រោងនឹង​រៀបចំ​ឡើង​រយៈពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃទី១៥ ដល់ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩។ បើតាម​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ឱ្យដឹងថា ក្នុង​ពិធី​នេះ នឹង​មាន​ព្រឹត្តិការណ៍ និង​សកម្មភាព​កីឡា វប្បធម៌ ទេសចរណ៍ ដោយ​បញ្ចូល​ទាំងការ​តាំង​ពិព័រណ៍ ផលិតផល​ខ្មែរ សិប្បកម្ម ពាណិជ្ជកម្ម មហោស្រព​ម្ហូប​អាហារ និង​ភេសជ្ជៈ ការ​ប្រគុំ​តន្រ្តី និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត៕


អត្ថបទ៖ សំភី