ថៃ ត្រៀម​លុយ​ជាង ៧០​លាន​ដុល្លារ ទិញ​រថក្រោះ​បន្ថែម​បង្គ្រប់​ជាង​៥០​គ្រឿង​

  • 2019-01-14 07:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​ថៃ បាន​ស្នើ​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ដើម្បី​សម្រេច​ក្នុង​ការ​ទិញ​បន្ថែម រថក្រោះ​ពី​ប្រទេស​ចិន ចំនួន ១៤​គ្រឿង​បន្ថែម​ ប្រភេទ VT-4 ដែល​មាន​តម្លៃ​ជាង ២,៣ ពាន់​លាន​បាត ឬ​ជាង ៧០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ Bangkok Post នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៨។

រថក្រោះ​ប្រភេទ VT-4 ដែលថៃបានទិញពីចិន កាលពីឆ្នាំ​២០១៧ (រូបថត៖ Bangkok Post)
ថៃ គ្រោង​ទិញ​រថក្រោះ VT-4 ពី​ក្រុមហ៊ុន​ចិន China Ordnance Industries Group Corporation Limited ។ ក្នុង​នោះ រថក្រោះ​មួយ​គ្រឿង មាន​តម្លៃ​ប្រមាណ​ជាង ៥,២ លាន​ដុល្លារ​អាមេរិក។ បើ​ជោគជ័យ ការ​ទិញ​រថក្រោះ​ទាំង ១៤​គ្រឿង គឺ​ជា​ការ​ទិញ​លើក​ទី៣ បន្ទាប់​ពី​ការ​ទិញ​លើក​ទី១ ពី​ក្រុមហ៊ុន​ដដែល ដែល​មាន​ចំនួន ២៨​គ្រឿង​កាលពី​ឆ្នាំ​២០១៦ តម្លៃ​ជាង ១៥៣​លាន​ដុល្លារ និង​លើក​ទី​២ ចំនួន ១១​គ្រឿង​កាល​ពី​ឆ្នាំ​២០១៧ តម្លៃ​ជាង ៦២​លាន​ដុល្លារ​។

ការ​ចំណាយ​ទាំង​៣​លើក​ក្នុង​ការ​ទិញ​រថក្រោះ​ចិន​នេះ គឺ​បន្ទាប់ពី ក្រសួង​ការពារ​ជាតិថៃ​ ទទួល​បរាជ័យ​ក្នុង​ការ​ទិញ​រថក្រោះ​ប្រភេទ T-84 Oplot-M ពី​ក្រុមហ៊ុន Ukroboronprom ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ុយក្រែន ដោយសារ​ជម្លោះ​ដែល​អូស​បន្លាយ​រវាង​រុស្ស៊ី ជាមួយ​អ៊ុយក្រែន។

Bangkok Post បាន​ចុះផ្សាយ​ទៀត​ថា ក្រសួង​ការពារ​ជាតិ​ថៃ ក៏​មាន​បំណង​ទិញ​ប្រភេទ​គ្រាប់​ប្រឆាំង​រថពាស​ដែក APFSDS-T ចំនួន ១៩០​គ្រាប់, គ្រាប់​ប្រឆាំង​រថក្រោះ Heat-T ចំនួន ៦០គ្រាប់ និង​គ្រាប់ HE-T ចំនួន ១៥០​គ្រាប់​ផងដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;