វៀតណាម សហការ​ជាមួយ Amazon លក់​ទំនិញ​អនឡាញ

  • 2019-01-15 08:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ប្រទេស​វៀតណាម បាន​ប្រកាស​ចាប់​ដៃគូ​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Amazon ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) ក្នុង​ការ​រួមបញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) របស់​ក្រុមហ៊ុន​លក់ទំនិញ​អនឡាញ​ដ៏​ធំ​មួយ​នេះ។

ពិធីប្រកាស​សហ​ប្រតិបត្តិការ​រវាង ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វៀតណាម និង Amazon Global Selling Group នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​ (រូប៖ Vietnam+)
ការប្រកាស​ពី​ការ​ចាប់ដៃ​គូ​សហ​ប្រតិបត្តិការ​គ្នា​នេះ ត្រូវ​បាន​ធ្វើឡើង​ នៅ​ក្នុង​​ពិធី​មួយ ដែល​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​វៀតណាម និង Amazon Global Selling Group នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​។

លោក Vu Ba Phu នាយក​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​ខាងលើ​ថា ក្រៅពី​ជួយ​គាំទ្រ​ដល់​សហគ្រិន​វៀតណាម ក្នុង​ការ​ផ្សព្វផ្សាយ​ទំនិញ​សម្រាប់​នាំចេញ Amazon ក៏​ជួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ក្នុង​ការ​លក់​ផង​ដែរ។ លោក​បន្ត​ថា តាមរយៈ Amazon នេះ ទំនិញ​សហគ្រាស​ធុន​តូច និង​មធ្យម នឹង​អាច​ឈាន​ចូល​ក្នុង​ទីផ្សារ​ពិភពលោក​បាន​។

លោក Phu សង្ងត់​ធ្ងន់​ថា ការ​ចេះ​ភាសា​បរទេស​នានា និង​វិធី​ធ្វើ​ជំនួញ​បែប​អន្តរជាតិ ជា​រឿង​ដ៏​សំខាន់​សម្រាប់​សហគ្រិនទាំងឡាយ ព្រមទាំង​គុណភាព​ទំនិញ ដែល​ត្រូវ​ឆ្លើយតប​នឹង​ស្ដង់ដារ​ទីផ្សារ​អន្តរជាតិ​។

លោក Bernard Tay នាយក​ក្រុមហ៊ុន Amazon ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ថ្លែង​ថា ការ​នាំចេញ​តាម​រយៈ​ក្រុមហ៊ុន​របស់​លោក គឺ​ជា​ឱកាស​មួយ​ដែល​មាន​លក្ខណៈ​ជា​សកល និង​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ហើយ​សហគ្រាស​ទាំងឡាយ នឹង​អាច​អភិវឌ្ឍ​អាជីវកម្ម​អនឡាញ​របស់​ពួកគេ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕​

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;