រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញខេត្តសៀមរាប​​ ​ប្រឹងប្រែងអនុវត្តន៍គម្រោង​ "AIMS" ដើម្បីធ្វើជាគំរូដល់ខេត្តដទៃ

  • 2019-01-17 03:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ស្នើ​ដល់​មន្រ្ដី​នៃ​មន្ទីរពាណិជ្ជកម្ម​ខេត្ត​សៀមរាប ឲ្យ​ប្រឹងប្រែង​ជំរុញ​វឌ្ឍនភាព​គម្រោង​ជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) បន្ត​ទៀត ក្រោយ​អនុវត្តន៍​ទទួល​បានលទ្ធផល​ល្អ​ប្រសើរ​នា​ពេល​កន្លងមក។ លោក​រដ្ឋមន្រ្ដី បាន​បន្ថែមថា ការ​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​គម្រោងនេះ គឺ​ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករក្រីក្រ និងប្រែក្លាយវិស័យកសិកម្មខេត្តសៀមរាប ឲ្យទៅជាគំរូសម្រាប់ខេត្តដ៏ទៃ។

សំណើរបស់​លោក​រដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម មន្ត្រីសាខាកាំកុងត្រូល រួមជាមួយតំណាងសភាពាណិជ្ជកម្មខេត្តសៀមរាប ទាក់ទងវឌ្ឍនភាពនៃការអនុវត្តគម្រោង AIMS កាលពីថ្ងៃទី​១៥ ខែមករា​កន្លងទៅ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។

នៅក្នុងឱកាសនោះដែរ លោក​រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្តាប់របាយការណ៍អំពីវឌ្ឍនភាពការងាររបស់គម្រោង (AIMS) និងបញ្ហាប្រឈមមួយចំនួន ដែលខេត្តសៀមរាប កំពុងអនុវត្តន៍ទៅលើផលិតផលបន្លែ មាន់ស្រែ និងសរសៃសូត្រឆៅ។ លោក​បានផ្តល់អនុសាសន៍មួយចំនួនដល់មន្ត្រីទាំងអស់ ដើម្បីយកទៅអនុវត្តន៍ សំដៅពង្រឹងប្រសិទ្ធភាពរបស់គម្រោង ដែល​​មាន​ដូចខាងក្រោម៖

  • ត្រូវសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាដៃគូរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំឲ្យមានទស្សនកិច្ចសិក្សាអំពីបច្ចេកទេសចិញ្ជឹមកូននាង នៅប្រទេសថៃ។

  • ត្រូវរៀបចំក្រុមកសិករដែលមានឆន្ទៈមុតមាំ ដើម្បីគាំទ្រឲ្យការផលិតអាចបំពេញបានតាមកិច្ចសន្យាជាមួយអ្នកប្រមូលទិញ ទោះបីនៅគ្រាដំបូងមានកម្រិតទាបក្តី។

  • ត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ថវិការបស់គម្រោង ដើម្បីជួយធ្វើឲ្យប្រជាកសិករ ឆាប់ទទួលបានប្រាក់ពីអ្នកទិញ។

  • ត្រូវធ្វើការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីបន្ទាបអត្រាការប្រាក់កម្ចីសម្រាប់កសិករក្រីក្រ។

  • ត្រូវសហការជាមួយវិស័យឯកជន តាមរយៈសភាពាណិជ្ជកម្មខេត្ត ដើម្បីប្រមូលផលិតផលពីកសិករ មកកាន់ទីផ្សារដែលបង្កើតឡើងក្រោមគម្រោង AIMS៕

រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;