សត្វក្រពើ​ភ្នំ បាត់បង់​ជម្រក​ប្រវត្តិសាស្រ្ត​របស់​វាប្រហែល ៩៩%

  • 2019-01-21 03:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វ​ក្រពើ​ភ្នំ​ ធ្លាប់​មាន​ចំនួន​ច្រើន​ណាស់​ក្នុង​តំបន់​ទំនាប​កណ្តាល​អាស៊ី​អាគ្នេយ៍ នៅ​តាម​ទី​ជម្រក​តំបន់​ដី​សើម​ មាន​ដូច​ជា​ទន្លេ បឹង តំបន់​ដី​លិច​ទឹក និង​តំបន់​វាល​ល្បាប់​។ ប៉ុន្តែ​ប្រភេទ​សត្វ​នេះ​ បាន​បាត់បង់​​ប្រហែល ៩៩% នៃ​ជម្រក​ប្រ​វត្តិ​សាស្ត្រ​របស់​វា​ (បើ​យោង​តាម​របាយ​ការណ៍ FFI)។ នេះបើតាម​ការចុះផ្សាយរបស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ WWF-កម្ពុជា កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០១៩។

ប្រភេទ​សត្វ​ក្រពើ​ភ្នំ​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​សត្វ​ទទួល​រង​គ្រោះ​ជិត​ផុត​ពូជក្នុង​ឆ្នាំ​ ១៩៩៤ ហើយ​បន្ទាប់​មក​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជា​ប្រភេទ​សត្វ​ទទួល​រង​គ្រោះ​ជិត​ផុត​ពូជ​ខ្លាំងបំផុត ក្នុង​ឆ្នាំ​១៩៩៦​ ក្នុង​បញ្ជី​ក្រហម​ IUCN។ បច្ចុប្បន្ន​ប្រភេទ​សត្វ​ក្រពើ​ភ្នំ​ជា​ប្រភេទ​សត្វ​ល្មូន​ដ៏​កម្រ​បំផុត​របស់​ពិភពលោក ហើយ​មានរបាយ​​ចំនួន​នៅ​រាយ​ប៉ាយ និងតិច​តួច​បំផុត ក្នុង​ប្រទេស​កម្ពុជា​ ឥណ្ឌូ​ណេស៊ី​ ឡាវ ថៃ និង​វៀត​ណាម​។

បើតាម​អង្គការ WWF លើកឡើង​ថា ស្ថាន​ភាព​ចំនួន​សត្វ​ក្រពើ​ភ្នំ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភបែប​នេះ វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​នេះ​​។

ដើម្បី​ចូល​រួម​ក្នុង​ការ​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​ អង្គ​ការ​ WWF-កម្ពុជា​ នឹង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ចំនួន​របស់​វា​ ក្នុង​តំបន់​ទេស​ភាព​ខ្ពង់​រាប​ភាគ​ខាង​កើត (EPL) ក្នុង​ឆ្នាំ​២០១៩​នេះ​។

សំបុកពងក្រពើភ្នំ ដែលត្រូវបានរកឃើញ នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីខែមិថុនា ឆ្នាំ២០១៧

ដើម្បី​ធានា​បាន​ថា​ ទិន្ន​ន័យ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មាន​គុណ​ភាព​អាច​ទុក​ចិត្ត​បាន​ អង្គ​ការ WWF-កម្ពុជា​ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ចំនួន​ក្រពើ​ភ្នំ​ ទៅ​ដល់​ក្រុម​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​ជីវៈ​ចម្រុះ​ ដែល​រួម​មាន​ ក្រុម​សិក្សា​ស្រាវ​ជ្រាវ​ជីវៈ​ចម្រុះ​សហគមន៍​ ០៧​​ នាក់ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ ០១ នាក់ និង​បុគ្គលិក​អង្គ​ការ​ WWF-កម្ពុជា ០៤​ នាក់។ អ្នក​ជំនាញ​ ០២ រូប​ មក​ពី​អង្គ​ការ​សត្វ​ព្រៃ​ និង​រុក្ខ​ជាតិ​ អន្តរជាតិ (Fauna & Flora International) បាន​អញ្ជើញ​ចូល​រួម​ជា​គ្រូ​បណ្តុះ​បណ្តាល​ដល់​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​ជីវៈ​ចម្រុះ​របស់​អង្គការ។

វគ្គ​បណ្តុះ​បណ្តាល​នេះ មាន​រយៈ​ពេល​ចំនួន ០៦ ថ្ងៃ​ ដែល​ក្នុង​នោះ​ មាន​វគ្គ​បណ្តុះ​បណ្តាល​អំពី​ទ្រឹស្តីចំនួន​ ០១ ថ្ងៃ​ នៅ​ការិយាល័យ​អង្គ​ការ​ WWF-កម្ពុជា​ ក្នុង​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី និង​ ០៥ ថ្ងៃ​ ទៀត​ មាន​ការ​អនុវត្ត​ផ្ទាល់​ក្នុង​គោល​ដៅ​តាម​ដង​ទន្លេ​នានា​ ស្ថិត​ក្នុង​តំបន់​ទេស​ភាព​ខ្ពង់រាប​ភាគ​ខាង​កើត​ (EPL)។ វគ្គ​បណ្តុះ​បណ្តាល​នេះ ផ្តោត​សំខាន់​លើ​វិធី​សាស្ត្រ​​ប្រមូល​ទិន្ន​ន័យ​ស្រាវ​ជ្រាវ​ អំពី​សត្វ​ក្រពើ​ភ្នំ​ ដូច​ជា​លាមក​ក្រពើ ការ​ប្រមូល​សំណាក ការ​មើល​ដាន​ ការ​ប្រទះ​ឃើញ​ដោយ​ផ្ទាល់​ និង​ការ​ដើ​រ​ឆ្លុះ​មើល​សត្វ​ក្រពើ​ភ្នំ​នៅ​ពេល​យប់ ដើម្បី​ស្វែង​យល់​អំពី​ជម្រក​ដែល​សត្វ​ក្រពើ​ភ្នំ​ចូល​ចិត្ត​រស់​នៅផង​ដែរ​។

អង្គការដដែល​នេះ​បាន​ឱ្យដឹងថា ក្នុង​ពេល​អនុវត្ត​ការ​សិក្សា​ស្រាវ​ជ្រាវ​ ក្រុម​ការ​ងារ​បាន​ប្រទះ​ឃើញ​មាន​សញ្ញាជាច្រើន​ ដែល​អាច​​បញ្ជាក់​ពី​វត្ត​មាន​របស់​សត្វ​ក្រពើ​ភ្នំ​ ដែល​ជា​សត្វ​មាន​ចំនួន​តិច​តួច​បំផុត​នៅ​ក្នុង​តំបន់​ទេស​ភាព​ខ្ពង់​រាប​ភាគ​ខាង​កើត​ (EPL)។ វគ្គ​បណ្តុះ​បណ្តាល​ និង​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត ដោយ​ការ​ជិះ​ទូក​តាម​ដង​ទន្លេ​​ នឹង​ជួយ​ឱ្យ​ការ​សិក្សា​ស្រាវ​ជ្រាវ​អាច​បង្ហាញ​ព័ត៌​មាន​បន្ថែម​ជាច្រើន​ទៀត​​​ អំពី​ចំនួន​សត្វ​ក្រពើ​ភ្នំ​ ក្នុង​តំបន់​ទេស​ភាព​ខ្ពង់​រាប​ភាគ​ខាង​កើត​ នៃ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;