កម្ពុជា ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ ក្នុង​ពិព័រណ៍​អន្តរជាតិ​នៅ​វៀតណាម

  • 2019-01-21 04:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹងថា កម្ពុជា​មាន​ការជឿជាក់​ថា គោលដៅ​ទេសចរណ៍​ជាច្រើន​របស់​ខ្លួន កាន់តែ​ត្រូវបាន​អន្តរជាតិ​ចាប់អារម្មណ៍​ខ្លាំងឡើងៗ​បន្ថែម​ទៀត នា​ឱកាស​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (TRAVEX) ដែល​ទើប​ធ្វើឡើង​នៅ​ប្រទេស​វៀតណាម។

ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ នៅក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ខាងលើ​នេះ ត្រូវបាន​ធ្វើឡើង​នា​ឱកាស​ដែល​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​ទេសចរណ៍ ក្រុមសិល្បៈ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រុមហ៊ុន​ឯកជន ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្ដី​ទេសចរណ៍​អាស៊ាន​លើកទី២២ ​ស្របពេល​ជាមួយគ្នា​នឹង​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី​៣៨ ធ្វើឡើង​ចាប់ពីថ្ងៃទី​១៦-១៨ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុង​ហាឡុង ខេត្ត​ក្វាងនីង ប្រទេស​វៀតណាម។

ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា «ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ» គឺជា​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ដ៏ធំមួយ​នៅ​អាស៊ាន ដែលបាន​បង្កើត​ឡើង​ដើម្បី​ទិញ-លក់​កញ្ចប់​ទស្សនកិច្ច និង​សេវាកម្ម​ទេសចរណ៍ ផ្លាស់ប្ដូរ ចែករំលែក​បទពិសោធន៍ និង​បង្កើត​ភាព​ជាដៃគូ​ក្នុង​ធុរកិច្ច​ទេសចរណ៍​ជាមួយ​គ្នា សំដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​អាស៊ាន ឲ្យកាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។

ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍ នាឆ្នាំ​២០១៩​នេះ​ផងដែរ គេ​សង្កេត​ឃើញមាន​ស្ដង់ជាង ៣០០ស្ដង់ មានអ្នក​ចូលរួម​ជិត ១៥០០​នាក់ មកពី ៥២​ប្រទេស ក្នុងនោះ​មាន​អ្នក​លក់​ចំនួន ៦៤០​នាក់ អ្នកទិញ (Buyers) ៣៦២​នាក់ អ្នក​សារព័ត៌មាន (Media) ១៤៥​នាក់ ប្រតិភូ​ចូលរួម​ប្រជុំ ៣៤០​នាក់ និង​ប្រតិភូផ្សេងៗ​ទៀតចំនួន ១៦២​នាក់។

ក្រសួង​ទេសចរណ៍​បាន​ចូលរួម​តាំងបង្ហាញ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​ដ៏ទាក់ទាញ​ មាន​វប្បធម៌ និង​ធម្មជាតិ ដោយមាន​ក្រុមហ៊ុន​ទេសចរណ៍​ចូលរួម​ចំនួន ១២​ក្រុមហ៊ុន ក្នុងនោះ​មាន​សណ្ឋាគារ​ចំនួន​៨ ទីភ្នាក់ងារ​ទេសចរណ៍​ចំនួន​៣ និង​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ចំនួន១ រួម​ជាមួយ​សិល្បការិនី​បុរាណ ៣​រូប មកពី​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា។

ក្នុង​រយៈពេល​៣ថ្ងៃ នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ប្រតិភូ​ក្រសួង​ទេសចរណ៍​បាន​ជួប​ពិភាក្សា​ការងារ ផ្លាស់ប្តូរ​បទពិសោធន៍ និង​ព័ត៌មាន​ជាមួយ​នឹង​ធុរជន វិនិយោគិន សារព័ត៌មាន និងអ្នក​ជំនាញ​ទេសចរណ៍​ជាច្រើន សំដៅ​ជំរុញ​ទេសចរ និង​វិនិយោគិន​មក​ទស្សនា និង​បណ្ដាក់​ទុន​នៅ​កម្ពុជា​ ឲ្យកាន់តែ​ច្រើន​បន្ថែម​ទៀត ក្នុងនោះ​ពន្លា​ក្រសួង​ទេសចរណ៍​ បានទទួល​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា​ជាង ១០០០​នាក់។

លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅ​ប្រទេស ក៏បាន​ធ្វើបទ​បង្ហាញ​ទៅដល់​អ្នកសារព័ត៌មាន​អន្តរជាតិ នៅក្នុង​កម្មវិធី Media Briefing អំពី​វឌ្ឍនភាព​នៃ​គោលដៅ​ទេសចរណ៍ ផលិតផល​ទេសចរណ៍​ថ្មីៗ ស្ថិតិ​ទេសចរ​ឆ្នាំ​២០១៨ និង​ព្រឹត្តិការណ៍​ទេសចរណ៍​អន្តរជាតិ​ថ្មីៗ ដែល​កម្ពុជា​គ្រោងនឹង​រៀបចំ​នៅឆ្នាំ​២០១៩ ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១។ ក្នុងនោះ​កម្ពុជា​ក៏មាន​ការផ្សព្វផ្សាយ​អំពី​កម្ពុជា គឺជា​ម្ចាស់ផ្ទះ​នៃការ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២១ និង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ផងដែរ៕

រូបថត៖ ក្រសួងទេសចរណ៍

អត្ថបទ៖ សំភី

អត្ថបទថ្មី
;