រដ្ឋមន្រ្តី៖ មុនឆ្នាំ​២០២០ ត្រូវ​ភ្ជាប់​ប្រភព​អគ្គិសនី​ពីបណ្តាញ​ជាតិ ទៅ​តំបន់​ទាំងអស់​ដែលនៅ​សេស​សល់

  • 2019-01-23 07:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល បាន​ណែនាំ​ឱ្យ​អគ្គិសនី​កម្ពុជា អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អ្នកចែកចាយ​អគ្គិសនី​ទាំងអស់ នៅ​ទូទាំង​ប្រទេស ត្រូវ​សហការគ្នា​ធ្វើ​យ៉ាងណា ភ្ជាប់​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ ទៅ​តំបន់​ភូមិ-ឃុំ ដែល​នៅ​សេសសល់​ឲ្យ​ប្រជា​ពលរដ្ឋ បាន​ប្រើប្រាស់​ឆាប់រហ័ស​មុនឆ្នាំ​២០២០។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ឱកាស​បើក​សន្និបាត បូក​សរុប​ការងារ​បញ្ចប់​ឆ្នាំ​២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នៅថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩។

លោក​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បើធ្វើ​ដូច្នេះ​បាន (តភ្ជាប់​អគ្គិសនី) នៅចុងឆ្នាំ​២០២០ យ៉ាងហោច​ណាស់​ភូមិ ចំនួន ១៤ ០៧២ ភូមិ​ស្មើនឹង​៩៩,៣២% នៃភូមិ​ទូទាំង​ប្រទេស នឹង​ទទួលបាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រភព​បណ្តាញ​ជាតិ»។

លោក​រដ្ឋមន្រ្តី​បន្ត​ថា ចំពោះ​ភូមិ​មាន​លក្ខណៈ​លំបាក​ខាង​ភូមិសាស្រ្ត និង​មិនទាន់​មាន​អ្នក​ទទួល​វិនិយោគ ចំនួន​០,៦៨% អគ្គិសនី​កម្ពុជា អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អ្នក​ចែកចាយ​អគ្គិសនី​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើ​យ៉ាងណា​សិក្សា និង​រកវិធីសាស្រ្ត ដើម្បី​ធ្វើឲ្យ​ភូមិ​ទាំងនោះ មាន​អគ្គិសនី​ប្រើប្រាស់ ទោះជា​ត្រូវ​ដោះស្រាយ តាម​របៀប​ប្រព័ន្ធ​ទោល ឬក៏​ត្រូវ​ប្រើប្រាស់ ការ​ឧបត្ថម្ភ​ធន​ប្រភេទ​ណា​ក៏ដោយ។

«គោលបំណង​របស់​ខ្ញុំ ខ្ញុំចង់​ឲ្យការ​តភ្ជាប់​ចរន្ត ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ កើន​ដល់​៩០% នៅចុង​អាណត្តិទី៦​ខាងមុខ ដូច្នេះ​យើងត្រូវ​គិតគូរ អំពី​ការ​អនុគ្រោះ​ថ្លៃ ភ្ជាប់ចរន្ត​និង​ប្រាក់​កក់ លើថ្លៃ​ប្រើប្រាស់​អគ្គិសនី សម្រាប់​លំនៅឋាន​ក្រីក្រ​បន្ថែម​ទៀត»។ នេះជាលើកឡើង​បន្ថែម​របស់​លោក ស៊ុយ សែម។

សូម​ជម្រាប​ថា ចំពោះ​បញ្ហា​ថ្លៃ​អគ្គិសនី​ រាជរដ្ឋាភិបាល​បាន​បន្ថយថ្លៃ សម្រាប់​លំនៅឋាន​ក្រីក្រ ដោយប្រើ​តិចជាង ១០គីឡូវ៉ាត់​ម៉ោង​ក្នុង​១ខែ មកត្រឹម​៣៨០រៀល ក្នុង​១គីឡូវ៉ាត់ម៉ោង និង​លំនៅឋាន​ប្រើពី ១១ដល់ ៥០​គីឡូវ៉ាត់​ម៉ោង​ក្នុង១ខែ មក​ត្រឹម​៤៨០រៀល៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;