ACU កំពុងស៊ើបអង្កេតលើករណីអតីតមេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី
- 2019-02-11 04:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ACU កំពុងស៊ើបអង្កេតលើករណីអតីតមេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី
ចន្លោះមិនឃើញ
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងប្រាប់ [ខ្លីៗ] នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ករណីលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី គឺ ACU កំពុងតែដំណើរការស៊ើបអង្កេតហើយ ប៉ុន្តែពាក់ព័ន្ធនឹងករណីអ្វីនោះ លោកនៅមិនទាន់អាចប្រាប់បានទេ ដោយសារតែមិនទាន់បញ្ចប់ការស៊ើបអង្កេតនៅឡើយ ។
លោកបានបន្តថា ចំពោះការស៊ើបអង្កេតមុន ឬក្រោយ រឿងលោកគឹម រស្មី ធ្វើខួបកំណើតប្រកាសឲ្យលុយកូនគាត់៥នាក់ ក្នុងម្នាក់ ១០ម៉ឺនដុល្លារ គឺលោកទេសរដ្ឋមន្រ្តីសុំរក្សាសិទ្ធិ ពីព្រោះវាជាការសម្ងាត់នៃការស៊ើបអង្កេត។ «យើងមិនមែនជាកុកទេ យើងជាជុច»។
សូមរំលឹកថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។ ការលុបឈ្មោះចេញពីក្របខណ្ឌនេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហៅថាជាការវះកាត់ប្រកបដោយការឈឺចាប់។
ការសម្រេចនេះ ធ្វើឡើងក្រោយពេលលោក គឹម រស្មី ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមបង្ហោះ និងចែករំលែកវីដេអូបង្ហាញថា លោកបានចែកកាដូជាសែកដល់កូនៗរបស់ខ្លួនចំនួន ៥នាក់ ដោយក្នុងម្នាក់ ១០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតមួយ ក្នុងអំឡុងចូលឆ្នាំចិនកន្លងទៅនេះ៕