កម្ពុជា-ចិន ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​នៃ​មូលនិធិ​មេគង្គ-ឡានឆាង តម្លៃ​ជាង ៧លាន​ដុល្លារ

  • 2019-02-14 04:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧប​នាយក​រដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក វ៉ាង វិនធាន (Wang Wen tain) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នៃ​មូលនិធិ​ពិសេស​មេគង្គ-ឡានឆាង នា​ព្រឹក​ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​ការបរទេស។

ការ​ចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​បន្ទាប់ពី​គម្រោង​កម្ពុជា​ចំនួន១​៩ ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេសមេគង្គ-ឡានឆាង​លើកទី៤ នៅ​ប្រទេស​ឡាវ កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៧,៦៦លាន​ដុល្លារ។

គម្រោង​កម្ពុជា​ទាំង​១៩ មាន​ដូចជាៈ

១. កម្មវិធីគាំទ្រ​អាហារូបករណ៍​សម្រាប់​ឱកាស​សិស្ស​ក្រីក្រ​សិក្សា​លើ​វិស័យ​វិស្វកម្ម ទូរគមនាគមន៍​នៅ​ប្រទេស​ចិន។

២. វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង​គម្រោង និងការ​អភិវឌ្ឍ​តាមវិស័យ​អទិភាព​សំខាន់ៗ នៃកិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង។

៣. ការកាត់​បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​ជនបទ​នៅ​កម្ពុជា(ដំណាក់កាល​ទី២)។

៤. ការអភិវឌ្ឍ​សមាហរណកម្ម​សហគមន៍​តាមដង​ទន្លេមេគង្គ (ដំណាក់កាលទី២)។

ទន្លេមេគង្គនៅក្រុងកំពង់ចាម

៥. កិច្ចសន្ទនា​អន្តរ​ជំនឿ​ស្តីពី​សន្តិភាព និងការ​អភិវឌ្ឍ​ជានិរន្តន៍ ក្នុង​បណ្តាប្រទេស​តាមដង​ទន្លេមេគង្គ។

៦. សន្និសីទ​មេគង្គ-ឡានឆាង​ស្តីពីការ​បកស្រាយ​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌ ឆ្ពោះ​ទៅរក មគ្គុទេសក៏​ប្រកបដោយ​គុណភាព និងទេសចរ​ពេញចិត្ត (ដំណាក់កាលទី១)។

៧. ការបង្ការ​គ្រោះថ្នាក់​យន្តហោះ​តាមរយៈ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស​មេគង្គ-ឡានឆាង (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៏ និង​វៀតណាម)។

៨. ការ​កសាង​សមត្ថភាព​លើការ​អនុវត្ត​ក្របខណ្ឌ​គុណ​វុឌ្ឍ​ជាតិ និងការ​ធានាគុណភាព​អប់រំឧត្តម​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម។

៩. ពង្រឹង​សមត្ថភាព​សម្រាប់​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ និង​ក្របខ័ណ្ឌ​រេដបូក ក្នុង​បណ្តា​ប្រទេស​មហា​អនុតំបន់​មេគង្គ-ទ្បានឆាង។

១០. គម្រោង​កសាង​សមត្ថភាព តាមរយៈ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង សម្រាប់​សេដ្ឋកិច្ច​ឌីជីថល។

១១. វេទិកា​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​លំហាត់​សមយុទ្ធ​មេគង្គ-ឡានឆាង។

១២. ការ​គ្រប់គ្រង​ធនធាន​ទឹក និង​ធនធាន​ពាក់ព័ន្ធ​ឆ្លងដែន​ដោយផ្អែក​លើ​សហគមន៍​នៅតំបន់​ព្រំដែន​កម្ពុជា-វៀតណាម និង​ផ្សព្វផ្សាយ​បទពិសោធន៍​ទទួល​បាន​ទៅតំបន់​ព្រំដែន​កម្ពុជា-ឡាវ។

១៣. គម្រោង​បណ្ដាញ​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ​វប្បធម៌​មេគង្គ-ឡានឆាង។

១៤. ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​ដំណោះស្រាយ​របស់​រដ្ឋាភិបាល។

១៥. ការ​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​តំបន់​មេគង្គ-ឡាងឆាង។

១៦. សហ​គ្រប់គ្រង​សមាគម​នេសាទ ការកសាង​សមត្ថភាព និង​ការ​ចែក​រំលែក​មេរៀន និង​បទពិសោធន៍​អំពី​សហគមន៍​នេសាទ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ។

១៧. ការ​បណ្តុះ​បណ្តាល​គ្រូ​បង្គោល និង​អ្នក​ដឹកនាំ​សវនករ​ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព ISO9001:2015។

១៨. ការ​គ្រប់គ្រង​ទឹក​របៀប​ការទូត នៃអាង​ទន្លេ​មេគង្គ ឆ្ពោះ​ទៅរក​ការប្រើប្រាស់​អាង​ទន្លេរួម ដើម្បី​ភាព​រុងរឿង។

និង​ទី១៩. ការក​សាង​ភាព​ជាដៃគូ​ក្នុង​តំបន់​សម្រាប់​នវានុវត្តន៍​វិស័យ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា។

លោក ប្រាក់ សុខុន បាន​បញ្ជាក់​ថា ពិធី​ចុះ​ហត្ថលេខានា​ថ្ងៃ​នេះ គឺជា​តឹកតាង​យ៉ាងច្បាស់​លាស់​ថា កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង បាន​នឹង​កំពុង​បោះ​ជំហានទៅមុខ​យ៉ាង​មាំមួន ជាមួយនឹង​ចំណង​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​តាមរយៈ​គម្រោង​ទាំងនេះ។ ថ្វីត្បិតតែ​គម្រោង​ទាំងនេះ មិនមែន​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតធំ ប៉ុន្តែ​វាបាន​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អនុ​តំបន់​មេគង្គ។

លោក​បន្តថា ចាប់តាំង​ពីការ​បង្កើត​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ប្រទេស​កម្ពុជា​បាន​ទទួល​គម្រោង​សរុប​ចំនួន​៣៥ ដែលមាន​វិសាលភាព​គ្រប​ដណ្តប់​លើ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ទេសចរណ៍ បច្ចេកទេស​ព័ត៌មានវិទ្យា អប់រំ​និង​ស្រាវជ្រាវ ធនធាន​ទឹក អភិវឌ្ឍន៍​ជនបទ ការ​តភ្ជាប់​ផ្លូវអាកាស ការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌ និង​សាសនា។ គម្រោង​មួយចំនួន​ត្រូវបាន​បញ្ចប់​ជាស្ថាពរ និង​គម្រោង​ដែល​នៅសល់​ផ្សេងទៀត ជិតត្រូវបាន​បញ្ចប់ ឬ​មាន​វឌ្ឍនភាព​គួរឲ្យ​សម្គាល់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;