ក្រសួង​មហាផ្ទៃ ស្នើឲ្យ​គណបក្ស​អំណាច​ខ្មែរ ប្តូរ​ឈ្មោះ

  • 2019-02-27 03:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ស្នើឲ្យ​គណបក្ស​អំណាច​ខ្មែរ ធ្វើការ​ពិនិត្យ និង​សម្រេច​ប្តូរឈ្មោះ "គណបក្ស​អំណាច​ខ្មែរ" នេះ​ឡើងវិញ។ នេះ​បើយោង​តាម​លិខិត​ចុះថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ជម្រាប​ជូន​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ។

ក្នុង​លិខិត​នេះ បាន​ឱ្យដឹង​ថា ក្រសួង​មហាផ្ទៃ​បាន​ទទួលនូវ​លិខិត​របស់​អតីត​សមាជិក​ស្ថាបនិក និង​អតីត​ថ្នាក់​ដឹកនាំ​អំណាច​ខ្មែរ ដែលបាន​សំណូមពរ​ឲ្យ​ក្រសួង​មហាផ្ទៃ ធ្វើការ​ហាមឃាត់​បុគ្គល ឬក្រុម​ផ្សេងៗ​ទៀត ដែលមិនមែន​ជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ បន្ត​ប្រើប្រាស់​ឈ្មោះ​គណបក្ស ដោយ​ផ្អែកតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស​អំណាច​ខ្មែរ ដែលបាន​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ​នាពេល​កន្លង​មក។ ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រសួង​មហាផ្ទៃ បាន​ស្នើឲ្យ​គណបក្ស​អំណាច​ខ្មែរ ធ្វើការ​ពិនិត្យ និង​សម្រេច​ប្តូរឈ្មោះ "គណបក្ស​អំណាចខ្មែរ" នេះ​ឡើងវិញ។

លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានថ្លែង​ប្រាប់​កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា នៅ​ថ្ងៃទី​០៥ ខែ​មីនា​ខាងមុខនេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស និង​សម្រេច​យកឈ្មោះ​ជា​ស្ថាពរ បន្ទាប់មក​ធ្វើការ​សមាជ​នៅថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៩។

លោក​បន្ត​ថា ឈ្មោះជា​បឋម​ដែលត្រូវ​ប្តូរ​ពី​គណបក្ស​អំណាច​ខ្មែរ គឺ​មាន​បី ទី១. គណបក្ស​ខ្មែរ​ឈ្នះ ២. គណបក្ស​ជោគវាសនា​ជាតិ​ខ្មែរ និង​ទី៣. គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ។

ចំណែក​លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ឲ្យដឹង​ថា ចាប់ពី​ថ្ងៃនេះ​តទៅ គ្មានឈ្មោះ​គណបក្ស​អំណាច​ខ្មែរ ក្នុង​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ​ទៀតទេ។

ស្ថាបនិក និង​ថ្នាក់​ដឹកនាំ​អចិន្ត្រៃយ៍ នៃ​គណបក្ស​អំណាច​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក សួន សេរីរដ្ឋា បាន​សម្រេច​ដាក់​ឈ្មោះ​ថ្មីថា «គណបក្ស​កែ​ទម្រង់ខ្មែរ Khmer Reform Party» ដែលនឹង​ត្រូវដាក់​ជូន​ក្រសួង​មហាផ្ទៃ​ពិនិត្យ​សម្រេច​ក្នុងខែ​មីនា ឆ្នាំ​២០១៩​នេះ។

លោកបាន​បញ្ជាក់​ថា៖ «ជនណា​បុគ្គល​ណា ក្រៅពី​សមាជិក​ស្ថាបនិក បើហ៊ាន​ប្រើឈ្មោះ គណបក្ស​អំណាចខ្មែរ យកមក​បោកប្រាស់​មហាជន និង​សាធារណ​ទៀត នោះយើង​ជា​សមាជិក​ស្ថាបនិក នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់»៕

លោក សួន សេរីរដ្ឋា អតីត​ប្រធាន​គណបក្សអំណាចខ្មែរ ថ្លែងកាលពីឆ្នាំ២០១៦

អត្ថបទ៖ សោភា

អត្ថបទថ្មី
;