សម្តេច ហ៊ុន សែន អះអាង​ថា ចិន មិន​ចង់​ត្រួតត្រា​ខ្មែរ​នោះទេ

  • 2019-03-01 03:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាសថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ចិន​ត្រួតត្រា​នោះ​ទេ ហើយ​សម្តេច​អះអាង​ថា ចិន​ក៏មិន​ចង់ត្រួតត្រា​កម្ពុជា​វិញ​នោះ​ដែរ ដោយ​ចិនគ្រាន់​តែ​ចង់ធ្វើជា​មិត្ត​របស់​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​តែ​ប៉ុណ្ណោះ។ ការ​ថ្លែង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃ​ជិត ៥០​លាន​ដុល្លារ នាព្រឹក​ថ្ងៃទី១ ខែ​មីនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច ហ៊ុន សែន បន្ថែម​ថា កម្ពុជា​នៅតែ​បន្ត​ប្រកាន់​ខ្ជាប់​គោល​នយោបាយចិន​មួយ ពោលគឺ​ចាត់ទុក​តៃវ៉ាន់​គ្រាន់តែ​ជាខេត្ត​មួយ​របស់​ចិន។ ជាមួយគ្នានេះ កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​ស្ថានទូត ឬស្ថាន​តំណាង​តៃវ៉ាន់​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​សម្តេច​បាន​ស្វាគមន៍​ចំពោះ​អ្នក​វិនិយោគ​មកពី​តៃវ៉ាន់។

ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់​ថា ការ​គោរព​អធិបតេយ្យភាព​របស់​ចិន មាន​តម្លៃស្មើ​នឹង​ការគោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា។ «ប្រសិន​បើមាន​ប្រទេស​ណាមួយ មក​បំបែក​ខេត្ត​ណាមួយ​របស់​កម្ពុជា​ តើយើង​ខឹងទេ? យើង​ខឹង ចិន​ក៏ចេះ​ខឹង​ដូចគ្នា​ដែរ ប្រសិន​បើមាន​អ្នកណា​ចង់​បំបែក​តៃវ៉ាន់ ចេញពី​ចិន»។

សម្តេច ហ៊ុន សែន​ ក្នុងជំនួបជាមួយលោក លី ខឺឈាង នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ មករា ២០១៩ (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)

គួរ​រំលឹក​ថា ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា និង​ចិន នៃ​ដំណើរ​ទស្សនកិច្ចរបស់​សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសចិន កាលពី​ខែមករា ឆ្នាំ​២០១៩ បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ប្រឆាំង​ចំពោះ​ការ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​គ្រប់​ទម្រង់ ព្រមទាំង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព​នូវ​ទំនាក់ទំនង​ចិន និងតៃវ៉ាន់ និង​បុព្វហេតុ​ក្នុងការ​បង្រួបបង្រួម​ចិន។ «ភាគី​កម្ពុជា សូម​បញ្ជាក់​សាជាថ្មី​នូវការ​ប្រកាន់​ខ្ជាប់​នូវគោលនយោបាយ​ចិន​មួយ ព្រមទាំង​ទទួលស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់ តំណាង​ឱ្យ​ប្រទេសចិន​ទាំងមូល ហើយ​តៃវ៉ាន់​ជាផ្នែក​សំខាន់​មួយ នៃបូរណភាព​ដែនដី​របស់ចិន»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;