ប្រធានាធិបតី​កូរ៉េខាងត្បូង នឹងមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នាពាក់​កណ្តាល​ខែ​មីនា​ខាងមុខនេះ

  • 2019-03-05 01:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តបតាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ១៦ ខែ​មីនា ឆ្នាំ​២០១៩។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

​ក្នុងអំឡុង​ពេល​ទស្សនកិច្ច​នេះ លោក មូន ចេអ៊ីន នឹង​ចូល​គាល់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ព្រះប​រមរាជវាំង ហើយនឹង​ជួប​ជាមួយ ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

​លោក មូន ចេអ៊ីន និង សម្តេច ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែម​ទៀត​ ហើយក៏​ផ្លាស់ប្តូរ​យោបល់គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និងផល​ប្រយោជន៍​រួម។ បន្ទាប់ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំទាំងពីរ​ នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន និងធ្វើ​សេចកី្ត​ប្រកាសព័ត៌មាន​រួមគ្នា។

​មេដឹកនាំ​ទាំង២ ក៏​ត្រូវបាន​រំពឹងថា​ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើក​ទឹកចិត្ត​ឲ្យមាន​ការ​វិនិយោគ ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ។

​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​របស់​ប្រធានាធិបតី​ មូន ចេអ៊ីន គឺជា​ព្រឹតិ្តការណ៍ ដ៏សំខាន់​ក្នុងទំនាក់ទំនង​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើឲ្យ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;