ប្រមុខ​ការទូត​កម្ពុជា ត្រៀមខ្លួន​ជួប​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​រឿង EBA

  • 2019-03-12 02:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​ថា ១០ថ្ងៃទៀត​បេសកកម្ម​របស់​សហភាព​អឺរ៉ុប នឹង​មកដល់​ប្រទេស​កម្ពុជា នៅក្នុង​ក្របខណ្ឌ​នៃការ​ត្រួតពិនិត្យ​មើល​ឡើងវិញ អំពី​ការ​អនុវត្ត​នូវ​កិច្ចការ​ទាំងឡាយ ទាក់ទង​ទៅនឹង​ការ​បំពេញ​ឲ្យ​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ហើយលោក​ក៏បាន​ត្រៀមខ្លួន​ដើម្បី​ជួប​ជាមួយ​តំណាង​សហភាពអឺរ៉ុប​ផងដែរ។ ការ​ថ្លែង​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​អបអរ​សាទរ​ទិវា «ASEM DAY» ក្រោម​ប្រធាន​បទ «កម្ពុជា​ឆ្ពោះទៅ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើកទី​១៣ ឆ្នាំ​២០២០ និង​គោលនយោបាយ​ការបរទេស​កម្ពុជា​ ក្នុង​បរិបទ​សកល​បច្ចុប្បន្ន» នៅ​វិទ្យាស្ថានជាតិ​អប់រំ កាលពីព្រឹក​ថ្ងៃទី១១ ខែ​មីនា ឆ្នាំ​២០១៩។

លោក ប្រាក់ សុខុន ថ្លែងនាពេលកន្លងមក

លោក​អះអាង​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នៅតែ​ប្ដេជ្ញា​អនុវត្ត​ឲ្យបាន​ល្អ ហើយ​ EBA គង់តែ​នឹង​បាត់​ដោយ​ស្វ័យ​ប្រវត្តិ នៅពេល​​កម្ពុជា ក្លាយទៅ​ជា​ប្រទេសមួយ​ដែលមាន​ចំណូល​ខ្ពស់។ លោក​បញ្ជាក់​ថា កម្ពុជា គឺ​ម៉ឺងម៉ាត់ មិន​ដោះដូរ មិនលក់​អធិបតេយ្យភាព​ជាតិ ទោះ​ស្ថិតក្នុង​តម្លៃ​ណា​ក៏ដោយ។

«អរគុណ​ចំពោះ​របប​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប ដែល​ធ្វើឱ្យ​កម្ពុជា​ មាន​កំណើន​សេដ្ឋកិច្ច ហើយ​ក្នុងនោះ​ ក៏បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការងារ​ធ្វើ​ច្រើន​ផងដែរ ពីព្រោះ​គ្រាន់តែ​អ្នក​ធ្វើការ​នៅក្នុង​វិស័យ​ស្បែកជើង​មាន​ប្រមាណ ៨សែន​នាក់ ដែល​ភាគច្រើន​ជាស្ត្រី។ ប៉ុន្តែ​អ្វីដែល​ជា​បញ្ហា​នោះ តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ​មាន​តម្លៃ​អ្វី? ប្រសិន​បើយើង​បាត់បង់​ឯករាជ្យ​ភាព របស់​ប្រទេស ពីព្រោះ​លក្ខខណ្ឌ​ផ្សារភ្ជាប់​ជាមួយ EBA នេះ មាន​លក្ខខណ្ឌ​ការងារ ហើយក៏​មានលក្ខខណ្ឌ​អធិបតេយ្យ និងការ​គោរព​សិទ្ធិមនុស្ស​ផងដែរ។ ដូច្នេះ​មានន័យ​ថា ការចាត់​ការ​របស់​រាជរដ្ឋាភិបាល ដើម្បី​រក្សា​អធិបតេយ្យ​ភាព និង​ឯករាជ្យភាព​របស់​ខ្លួន សហភាព​អឺរ៉ុប​មិន​ទទួល​យក គឺ​គាត់​មិនទទួលយក​ការ​អនុវត្ត​ច្បាប់​នៅក្នុងស្រុក​របស់​យើង»។ នេះជាការ​ពន្យល់​របស់​លោក​ ប្រាក់ សុខុន។

សូម​ជម្រាប​ថា  ដំណើរការ​នីតិវិធី​របស់​សហភាព​អឺរ៉ុប ក្នុងការឈានដល់ការព្យួរជាបណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ (EBA)» គឺមាន​រយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០១៩។ ក្នុងនោះ​រយៈពេលនៃការ​ព្យួរ EBA ត្រូវបាន​កំណត់​ជា ២​ដំណាក់​កាល៖

ដំណាក់កាលទី១ មាន​រយៈពេល ៦ខែ៖ ជាដំណាក់​កាលដំបូង ដែល​គណៈកម្មការ​អឺរ៉ុប ធ្វើការ​ពិភាក្សាជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងយល់​បន្ថែម​ពី​វឌ្ឍនភាព​នៃការ​អនុវត្ត​កាតព្វកិច្ចតាម​បទបញ្ញត្តិលេខ 978/2012។

ដំណាក់​កាលទី២ មាន​រយៈពេល ៦ខែ៖

-ក្នុងរយៈពេល​នេះ ប្រសិន​បើគណៈកម្មការ​អឺរ៉ុប​ពិនិត្យ​ឃើញ​ថា កម្ពុជា​បាន​បង្ហាញ​ពីវឌ្ឍនភាព​នៃការងារ​ទាក់ទង​នឹងការ​ព្រួយបារម្ភ​របស់​សហភាព​អឺរ៉ុបនោះ​ហើយ គណៈកម្មការ​អឺរ៉ុប យល់​ថា​របាយការណ៍​នោះ​ពិតជាមាន​វឌ្ឍនភាព​គ្រប់គ្រាន់ នោះ​គណៈកម្មការ​នឹង​ទម្លាក់​ចោល​នូវ​ចេតនា​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ ហើយ​ចេញសេចក្តី​សម្រេច​ចិត្ត​បញ្ចប់​នីតិ​វិធីនៅពេលនោះ​តែម្តង។

-ក្នុងករណី​ដែល​គណៈកម្មការ​អឺរ៉ុប​ មិន​ពេញចិត្ត​នឹង​វឌ្ឍនភាព​ដែល​កម្ពុជា បាន​បង្ហាញ​នោះ ក្រុម​ការងារ​របស់​គណៈកម្មការ​អឺរ៉ុប នឹង​ប្រើប្រាស់​រយៈពេល ៦ខែនេះ ដើម្បី​រៀបចំ​របាយការណ៍​ដែល​អម​ជាមួយ​នឹង​អនុសាសន៍​របស់​ខ្លួន សម្រាប់​ជូន​ទៅគណៈកម្មការ​អឺរ៉ុប​ទាំងអស់ និង​ប្រធាន​គណៈកម្មការ​ដើម្បី​ពិនិត្យ និង​សម្រេច​ថាតើ​ត្រូវ​ព្យួរ​ជាបណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​កម្ពុជា ឬយ៉ាងណា។ ប្រសិនបើ​ គណៈកម្មការ​ទាំងអស់​សម្រេច​ថាព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​កម្ពុជា នោះគឺ​ត្រូវការ​រយៈពេល ៦ខែទៀត ទើប​សេចក្តី​សម្រេច​ចុងក្រោយ​ចូល​ជាធរមាន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;