FFC៖ ការ​សាងសង់​ទីលាន​បាល់ទាត់ គម្រោង​សាលា​តម្រង់​ទិស ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​នេះ

  • 2019-03-12 03:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC) បាន​បញ្ជាក់​ថា គម្រោង​សាងសង់ ទីលាន​សាលា​តម្រង់​ទិស​តាម​ខេត្ត​ នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ដោយ​ទីលាន នៅ​វិទ្យាល័យ​ចំនួន ៤​ខេត្ត​ បាន​បញ្ចប់​ការ​សាងសង់ និង​កំពុង​ដំណើរការ​ប្រើប្រាស់ រួមមាន​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង ខេត្ត​ព្រះវិហារ និង​ខេត្ត​បន្ទាយ​មានជ័យ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩។

ការ​លើកឡើង​នេះ ធ្វើឡើង​នៅ​ក្នុង​សន្និបាត​មហា​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ហ្គាឌិនស៊ីធី កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ឆ្នាំ​២០១៩។​

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បញ្ជាក់​ថា ក្រោយ​សហព័ន្ធ​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​សាលា​តម្រង់​ទិស​ទូទាំង​រាជធានី​ ខេត្ត កាល​ពី​ឆ្នាំ​២០១៧។ បច្ចុប្បន្ន​សហព័ន្ធ​បាន​បញ្ចប់​គម្រោង​ ៤ខេត្ត​ហើយ ប៉ុន្តែ​នៅ​សល់​ប៉ុន្មាន​ខេត្ត សហព័ន្ធ​នឹង បញ្ចប់​ការ​សាងសង់​យ៉ាង​យូរ​ចុង​ឆ្នាំ​២០១៩​នេះ។ បច្ចុប្បន្ន​មាន​ខេត្ត​ចំនួន​៦ ដែល​សហព័ន្ធ ដំណើរការ​សាងសង់​ទីលាន​សាលា​តម្រង់​ទិស រួមមាន​ខេត្តកំពង់ធំ ខេត្ត​កំពត ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និង​ខេត្តកោះកុង។

លោក សៅ សុខា បន្ត​ថា ចំណែក​ខេត្ត កំពុង​ដំណើរការ ឯកសារ​ត្រៀម​បន្ដ​ការ​សាងសង់ រួមមាន​ខេត្ត​តាកែវ បាត់ដំបង ពោធិសាត់ ព្រៃវែង និង​ខេត្ត​កំពង់ស្ពឺ ស្របពេល​ខ្ទង់​ចំណាយ​សម្រាប់​សាងសង់​ទីលាន​ស្ដង់ដា ឲ្យ​បាន​គ្រប់​ខេត្ត ក្នុង​ឆ្នាំ២០១៩​ នេះ គឺ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១ ៧៤៤ ៣៩៥ ដុល្លារ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​នេះ សហព័ន្ធ​បាន​លើកឡើង​នូវ​សមិទ្ធផល​ឆ្នាំ​ចាស់ ជាមួយ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន និង​បាន​លើក​ទិសដៅ​ការងារ​ក្នុង​ឆ្នាំ​២០១៩​នេះ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ខាងមុខ​ផង​ដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;