គ្មានឡើយ​​កិច្ចព្រមព្រៀង​​សាងសង់​​ស្ពាន​​ស្វាយ​ជ្រំ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​​លោក មូន ចេអ៊ីន

  • 2019-03-13 02:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ បាន​អះអាង​ថា គ្មានឡើយ​ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង លើ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ពី​តំបន់​ជ្រោយ​ចង្វារ ទៅកាន់​តំបន់​ស្វាយជ្រំ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធានា​ធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ មក​កម្ពុជា។

ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP កាលពី​រសៀល​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩ លោក កេត សោផាន់ អនុ​រដ្ឋលេខា​ធិការ និង​ជាអ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន ប្រសាសន៍​ថា មេដឹកនាំ​នៃ​ប្រទេសទាំងពីរ​នឹង​ធ្វើជា​សាក្សី​នៅក្នុង​ការ​ចុះ​កិច្ចព្រម​ព្រៀង​ចំនួន​ពីរ និង​អនុស្សា​រណៈ​ចំនួន៥។ លោក​បញ្ជាក់​ថា ក្នុង​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ទាំងនោះ គឺគ្មាន​គម្រោងនៃ​ការ​សាងសង់​ស្ពាន​ស្វាយជ្រំ​នោះទេ។​

លោក កេត សោផាន់ ថ្លែងទៅកាន់អ្នកកាសែត​កាលពីពេលកន្លងមក (រូបថត៖ ក្រសួងការបរទេស)

កិច្ចព្រមព្រៀង និងអនុស្សារណៈទាំង៥នោះ​រួមមាន៖

-កិច្ចព្រមព្រៀង​ឥណទាន​ជួយ​ដល់​វិស័យ​សុខាភិបាល និង​កិច្ច​ព្រមព្រៀង​ឥណទាន​កែលម្អ​ផ្លូវ​ជនបទ។

-អនុស្សារណៈ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ការទូត​កម្ពុជា

-អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជបណ្ឌិត្យសភា​កម្ពុជា

-អនុស្សារណៈ​ស្តីពី​វិស័យ​ថាមពល

-អនុស្សារណៈ​ស្តីពី​ការ​សម្រួល​ការ​វិនិយោគ

-និង​អនុស្សារណៈ​ស្តីពី​ការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយ​ផ្តោតលើ​ឧបករណ៍ និង​សម្ភារ​សំណង់។

សូមជម្រាប​ថា ប្រធានាធិបតី​នៃ​សាធារណរដ្ឋកូរ៉េ លោក មួន ចេអ៊ីន នឹងមក​បំពេញ​ទស្សន​កិច្ចជា​ផ្លូវរដ្ឋ​ នៅកម្ពុជា​ពី​ថ្ងៃទី​១៤ ដល់ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។

គម្រោង​សាងសង់​ស្ពាន​ជ្រោយចង្វា-ស្វាយជ្រំ​នេះ ត្រូវបាន​ភាគី​ចិន សិក្សា​ចប់​ម្តងរួច​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​នេះ គឺស្ថិត​ក្រោមការ​សិក្សា​គម្រោង​របស់​ភាគី​កូរ៉េ​វិញម្តង។

កន្លងមក​សម្តេច​តេជោ ហ៊ុន សែន ធ្លាប់បាន​មាន​ប្រសាសន៍​ថា គម្រោង​សាងសង់​ស្ពាន​មួយនេះ ភ្ជាប់​រវាង​តំបន់​ក្តីតាកុយ ភ្ជាប់ទៅ​កាន់​តំបន់​អរិយក្សត្រ និងពី​ផ្លូវកែវ​ចិន្តា នា​តំបន់​ជ្រោយ​ចង្វារ ភ្ជាប់ទៅកាន់​តំបន់​ស្វាយជ្រំ ស្ថិតក្នុង​ឃុំ​ស្វាយជ្រំ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​នឹង​ធ្វើឡើង​ក្នុងអំឡុងឆ្នាំ​២០១៩​នេះ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;