កងទ័ព​​កម្ពុជា-ចិន ចាប់ផ្តើម​ធ្វើលំហាត់​នាគមាស​ហើយ

  • 2019-03-13 07:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លំហាត់​នាគ​មាស​ឆ្នាំ២​០១៩​ រវាង​កងយោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​ចាប់ផ្តើម​បើកជា​ផ្លូវ​ការ​ នា​ព្រឹក​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩ នៅទី​លាន​បាញ់​គ្រាប់ពិត​សាលា​ហ្វឹក​ហ្វឺន​តេជោ​សែន​ជុំគីរី​របស់​កងពល​តូច​លេខ​៧០​ ​នៅ​ស្រុកជុំគីរី​ ខេត្តកំពត​។

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ លោក​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត បាន​បញ្ជាក់​ថា លំហាត់ហ្វឹ​កហ្វឺ​ននេះ មិនមាន​ការ​គំរាម​គំហែង អ្នកណា​ទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធ​នេះ គឺជាការ​បង្ហាញ​នូវការ​ចូលរួម​ថែរក្សា សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​គ្នា​តែ​ប៉ុណ្ណោះ ជាពិសេស​បទពិសោធ ប្រយុទ្ធ​ប្រឆាំង អំពើ​ភេវរកម្ម ជួយ​សង្គ្រោះ​ប្រជាពលរដ្ន ពេលមាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម។

អ្នកនាំពាក្យ​ខាងលើ បាន​ឱ្យដឹងថា លំហាត់ហ្វឹ​កហ្វឺ​ននាគមាស​ ផ្តោតសំខាន់​លើ​ប្រធានបទ​ កិច្ចការ​មនុស្សធម៌ ​និង​ការ​ប្រឆាំង​ភេវរកម្ម​ ដែលជា​ឱកាស សម្រាប់​កងទ័ព​ប្រទេស​ទាំង២ ត្រូវ​សិក្សា​រៀនសូត្រ​ទៅវិញ​ទៅមក ដើម្បី​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ សម្រាប់​បំពេញ​ភារកិច្ច​ការពារ​ប្រទេស​ជាតិ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ខ្លាំងក្លា​ថែមទៀត។ មិនតែ​ប៉ុណ្ណោះ លំហាត់​នាគមាស ឆ្នាំ​២០១៩ គឺជាការ​ចូលរួម​ចំណែក​ជំរុញ​ទំនាក់ទំនង​មិត្តភាព កម្ពុជា- ចិន ឱ្យកាន់តែ​រឹងមាំ​ខ្លាំងក្លា ជាពិសេស​ កិច្ចសហប្រតិបត្តិការ​រវាង​កងយោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន។

«បច្ចុប្បន្ន​នេះ ទំនាក់ទំនង ចិន-កម្ពុជា បាន​ឈាន​ដល់​ចំណុច​កំពូល និង​ល្អជាង​ពេលណាៗ​ទាំងអស់ ដែល​មិត្តភាព​ ជា​ដែកថែប​នេះ​បាន​កើតឡើង ក្នុងដំណាក់កាល​ដឹកនាំ​របស់​សម្តេច​ ហ៊ុន សែន និង លោក ស៊ី ជីនពីង ប្រធានាធបិតី​ចិន។ ប្រទេស​កម្ពុជា និង​ប្រទេសចិ​ន នឹង​បន្ត​ពង្រឹង​ពង្រីក​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏រឹងមាំ​នេះ​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ»។ នេះជាការ​អះអាង​របស់​លោក​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត។

សូម​រំលឹក​ថា កងទ័ព​កម្ពុជា-ចិន បានធ្វើ​លំហាត់​នាគមាស នៅក្នុង​ប្រទេសកម្ពុជា​ចំនួន២លើក​រួចមក​ហើយ ដោយ​លើកទី១ នៅឆ្នាំ​២០១៦ និង​លើកទី២ នៅឆ្នាំ​២០១៨។ ភាគីទាំងពីរ​បាន​ឯកភាព​ បង្កើត​ឱ្យមាន​លំហាត់​ហ្វឹកហ្វឺន​នេះ រៀងរាល់​១ឆ្នាំម្តង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា។ លំហាត់​នាគមាស ឆ្នាំ​២០១៩ ត្រូវបាន​គេមើលឃើញ​ថា មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយមាន​កម្លាំង​ទ័ព និង​សព្វាវុធ​ចូលរួម​ច្រើនជាង​មុន​ផង​ដែរ៕

អត្ថបទ និង​រូបថត៖ ហ្វេសប៊ុកលោកនាយឧត្តមសេនីយ៍ ឈុំ សុជាត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;