សម្តេច ស ខេង៖ រវាង​ចិន និង​អាមេរិក បើ​កម្ពុជា​ផ្អៀង​ទៅខាង​ណា នោះ​នឹង​ផុងខ្លួន​ក្នុង​សង្គ្រាម

  • 2019-03-15 03:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ស ខេង ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា កម្ពុជា​នៅតែ​រក្សា​ភាព​អព្យាក្រឹត្យ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ ពិសេស​រវាង​មហា​អំណាច​ចិន និង​អាមេរិក ពីព្រោះ​បទពិសោធ​ប្រវត្តិសាស្រ្ត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ប្រសិន​បើ​កម្ពុជា​លម្អៀង​ទៅ​ភាគី​ណាមួយ ដោយ​ប្រាសចាក​នយោបាយ​អព្យាក្រឹត្យ កម្ពុជា​នឹង​ផុងខ្លួន​ទៅក្នុង​វិបត្តិ និង​សង្គ្រាម។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើកទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៩។

សម្តេច ស ខេង ថ្លែងកាលពីពេលថ្មីៗនេះ
សម្ដេច​ ស ខេង ក៏បាន​ឱ្យ​ដឹងដែរ​ថា ជា​រៀងរាល់​ពេល​ដែល​សម្ដេច​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ប្រទេស​ជា​មិត្ត​នានា សម្ដេច​តែងតែ​សង្កត់ធ្ងន់​ថា កម្ពុជា​ដាច់ខាត​ នឹង​មិន​ដើរ​ចេញពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុក្ស​នោះ​ឡើយ ពីព្រោះ​កម្ពុជា មាន​បទពិសោធ​ឆ្អែតឆ្អន់​ហើយ កាលពី​ពេល​អតីតកាល ដែល​ធ្លាប់​ដើរ​ផ្ទុយ​ពី​គោលការណ៍​នេះ។

នៅឆ្នាំ២០១៩​នេះ រដ្ឋមន្រ្តី​មហាផ្ទៃ​បាន​ទាញ​ចំណាប់​អង្គ​សន្និបាត​ថា គឺជាឆ្នាំ​ដំបូង​នៃការ​អនុវត្ត​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល ហើយ​ជាមួយគ្នា​នេះ ក្រោយ​ការបោះឆ្នោតឆ្នាំ​២០១៨ កម្ពុជា​មានស្ថានភាព​អំណោយផល​ជាង​ពេលណាៗ​ទាំងអស់ ដូច្នេះ​រដ្ឋបាល​ខេត្ត​ទាំងមូល ត្រូវចូលរួម​អនុវត្តឲ្យ​បាន​នូវផែនការ​គោលមួយ​ចំនួន។

ផែនការទាំងនោះ​រួមមាន៖ ការពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​រក្សា​ឲ្យបាន​នូវ​បូរណភាព​ទឹកដី ប្រឆាំង​ដាច់ខាត​នូវ​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​ពីខាងក្រៅ​តាម​គ្រប់​រូបភាព។ សម្ដេច​បានចាត់ទុក​ការងារនេះ ជា​ភារកិច្ចស្នូល​ទូទាំង​ប្រទេស មិនមែន​ត្រឹមតែ​រដ្ឋបាល​ខេត្តព្រៃវែង​នោះទេ៕

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;