កម្ពុជាដាក់មហិច្ឆតាទៅជាសេដ្ឋកិច្ចឌីជីថល ឲ្យទាន់ពេលវេលា
- 2019-03-16 05:29:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាដាក់មហិច្ឆតាទៅជាសេដ្ឋកិច្ចឌីជីថល ឲ្យទាន់ពេលវេលា
ចន្លោះមិនឃើញ
បើទោះបីកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍក៏ដោយ ប៉ុន្តែកម្ពុជា គឺជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ប្រកបដោយជវភាព ក្នុងការក្ដាប់យកនូវកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលពឹងផ្អែកបច្ចេកវិទ្យា ប៉ុន្តែត្រូវការពេលប្រមាណ ៥ ទៅ ១០ឆ្នាំ ឬច្រើនជាងនេះ ដើម្បីតម្រង់ទិសជាសេដ្ឋកិច្ចឌីជីថលពេញលេញមួយ។ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងពិធីបើកជាផ្លូវការនៃពិព័រណ៍បច្ចេកវិទ្យាថ្នាក់ ជាតិលើកដំបូង និងធំបំផុត Digital cambodia នៅឯកោះពេជ្រ ថ្ងៃទី១៥ មីនា ២០១៩។
បន្ថែមក្នុងន័យខាងលើនេះ កម្ពុជាខិតខំប្រឹងទាញឱកាសក្នុងការលោតផ្លោះដំណាក់កាលធម្មតា ជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដោយកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានដាក់ចេញ និងអនុវត្តវិធានការគោលនយោបាយជាក់លាក់ចំនួន៤ ដូចខាងក្រោម៖
១. ការរៀបចំបង្កើតធនាគារសហគ្រាសខ្នាតមធ្យម និងតូច (SMEs Bank) និងការដាក់ចេញនូវអនុក្រឹត្យពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសខ្នាតមធ្យម និងតូច ក្នុងវិស័យអាទិភាព រួមបញ្ចូលនូវវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ផងដែរ។
២. ការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញក្នុងគោលបំណងកាត់បន្ថយគម្លាតជំនាញ តាមរយៈការបង្កើនការផ្គត់ផ្គង់ជំនាញដែលមានតម្រូវការខ្ពស់ក្នុងវិស័យអាទិភាពរួមមានវិស័យកម្មន្តសាល សំណង់ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ អេឡិចត្រូនិច ទេសចរណ៍ និងជំនាញមានតម្រូវការខ្ពស់។ ក្នុងន័យនេះ ជំនាញឌីជីថលក៏ស្ថិតនៅក្នុងចំណោមវិស័យអាទិភាពផងដែរ។
៣. ការបង្កើតមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ក្នុងគោលបំណងគាំទ្រដល់ការដល់ការបង្កើតធុរកិច្ចថ្មីៗផ្អែកលើបច្ចេកវិទ្យា ឬ Tech -Startup)។
៤. ការបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្នុងគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងបរធនពីគ្រប់ប្រភពស្របច្បាប់នានា សំដៅជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ សម្រាប់ផ្ដល់ការគាំទ្រជូនដល់សហគ្រិន, សហគ្រាសខ្នាតមធ្យម និងតូច, ធុរកិច្ចបង្កើតថ្មី និងស្ថាប័នដៃគូដែលធ្វើសកម្មភាពនវានុវត្តន៍ និងបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច៕
គូសបន្ថែមថា ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ ជាតិលើកដំបូង Digital cambodiaនៅឯកោះពេជ្រ នឹងរៀបចំរយៈពេល៣ថ្ងៃ ចាប់ពី ១៥ ដល់ ១៧ មីនា ២០១៩៕