កម្ពុជា-សហគមន៍​អឺរ៉ុប ចង់​រក្សា​ស្ថានភាព EBA ឱ្យ​នៅ​ដដែល

  • 2019-03-21 02:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគី​កម្ពុជា និង​សហគមន៍​អឺរ៉ុប បាន​សម្តែង​នូវការ​ប្តេជ្ញា​ដូចគ្នា គឺ​ធ្វើការ​រួមគ្នា បន្ត​ការ​សន្ទនា​ប្រកបដោយ​ការ​ស្ថាបនា​រួមគ្នា ដើម្បី​ស្វែងយល់​ជាមួយគ្នា​ឲ្យបាន​កាន់តែ​ប្រសើរ​នូវអ្វី​ដែលជា​ការ​ខុសគ្នា​កន្លង​មក ធ្វើយ៉ាងណា​រក្សា​ស្ថានភាព EBA នៅ​ដដែល។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​ក្រោយ​ជំនួប​រវាង​លោក​ឧបបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបបរទេស ជាមួយ​លោកស្រី Poala Pampaloni នាយករង​ផ្នែកគ្រប់គ្រង​ប្រចាំ​ការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច និងជា​ប្រធាន​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប កាលពី​រសៀល​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩។

លោក កេត សោផាន់ បញ្ជាក់​ថា ជំនួប​នេះ គឺជា​ការ​បន្ត​កិច្ច​សន្ទនា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយ​គណៈកម្មការ​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ការ​ចាប់ផ្តើម​នីតិវិធី​ក្នុងការ​ព្យួរ EBA ដែល​គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ចាប់យក​ថ្ងៃទី១១ ខែ​កុម្ភៈ កន្លង​មកនេះ។ លោកថា ភាគី​ទាំងពីរ​សុទ្ធតែ​បាន​ប្តេជ្ញា​ថា នឹង​រក្សា​ស្ថានភាព EBA មិន​ឲ្យ​បាត់បង់​ទេ។

លោក ប្រាក់ សុខុន បាន​បញ្ជាក់​ជូន​គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុប​ពី​សារៈសំខាន់ EBA ចំពោះ​កម្ពុជា ជាពិសេស​ចំពោះ​កម្មករ​កម្ពុជា ហើយ​ក៏បាន​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប ដែលបាន​ផ្តល់​ជំនួយ​ជូន​ចំពោះ​កម្ពុជា ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លងមក​នេះ បានរួម​ចំណែក​ដ៏ធំធេង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា។

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​សង្កត់​ធ្ងន់​ផងដែរ​លើទិដ្ឋភាព​ពីរ​ផ្សេងគ្នា នៃការ​សន្ទនា​រឿង EBA និងការ​បន្ត​រក្សា​នូវ​ទំនាក់ទំនង​ជា​មិត្តភាព​ដ៏ល្អ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប។

អ្នកនាំពាក្យ​បាន​បន្ថែម​ថា នៅក្នុង​ក្របខណ្ឌ​នៃ​ដំណើរការ នៃការ​ត្រួតពិនិត្យ​ក៏ដូចជា​កិច្ចសន្ទនា​ជាមួយ​រាជរដ្ឋាភិបាល​ គឺ​នឹង​មាន​គណៈ​ប្រតិភូ​តំណាង​សហគមន៍អឺរ៉ុប​ដែល​នឹង​មក​កម្ពុជា​នៅក្នុងខែ​ឧសភា ឬខែ​មិថុនា ខាងមុខ​នេះ ដោយ​ខាង​សហគមន៍​អឺរ៉ុប លើកឡើង​ថា កិច្ចសន្ទនា​នេះ គឺ​ដើម្បី​កំណត់​ពីពេល​នេះ រហូតទៅ​ដល់​ដំណើរការ​នៃនីតិវិធី EBA ទាំងមូល​ថា «តើយើង​នឹង​អាចយល់​ដឹងជាមួយគ្នា​បានកាន់​តែច្បាស់​នៅលើ​ចំណុច​ណាខ្លះ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;