IMF៖ ​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​ធំ​ជាងមុន ដោយ​សារ​កត្តា៣

  • 2019-04-04 02:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បេសកកម្ម​ការងារ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​លើកឡើង​ថា បើទោះ​បីជា​សេដ្ឋកិច្ច​កម្ពុជា នៅ​បន្ត​កំណើន​រឹងមាំ​ជាមធ្យម​ប្រមាណ ៦,៥%-៧% ក្នុង១ឆ្នាំ សម្រាប់​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខ ដែល​ស្រប​ទៅនឹង​ស្ថានភាព​ល្អ​ប្រសើរ​នៃលទ្ធផល​អនុវត្ត​ផ្នែក​សារពើពន្ធ​ក៏ដោយ ក៏​ហានិភ័យ​សម្រាប់​កម្ពុជា កាន់តែ​មាន​ទំហំ​ធំ​ជាងមុន​ផងដែរ ដែលរួមមាន៖ លទ្ធភាព​នៃការ​ដក​ EBA ដោយ​សហភាព​អឺរ៉ុប, សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ​និងចិន និង​ការចាកចេញ​របស់​ប្រទេស​អង់គ្លេស ពី​សហភាព​អឺរ៉ុប​ជាដើម។

ការ​លើកឡើង​ខាងលើនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​វាយ​តម្លៃ​បឋម​អំពីស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា ដឹកនាំដោយ​លោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រៀបចំ​ដោយ​ក្រុម​បេសកកម្ម​ការងារ​នៃមូល​និធិ​រូបិយវត្ថុ​អន្តរជាតិ ដោយ​មាន​ការ​ចូលរួម​ពីសំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង-ស្ថាប័នពាក់​ព័ន្ធ​ផ្សេងទៀត កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ចស្តីពីកិច្ចប្រជុំនេះ ឱ្យដឹងថា ក្រុម​ការងារ IMF ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហា​ជា​រចនាសម្ព័ន្ធ ដែល​បាន​ដាក់ចេញ​ក្នុង​វិធានការ​កន្លងមក ដូចជា៖ ការ​បន្តកាត់​បន្ថយ​ថ្លៃ​អគ្គិសនី, ការ​កែ​សម្រួល​នូវ​បៀវត្ស​អប្បបរមា, ការ​កាត់​បន្ថយ​ថ្ងៃឈប់​សម្រាក ។ល។ យ៉ាងណាមិញ ក្រុមការងារនេះ ក៏បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ចំពោះ​ការកើនឡើង​នៃ​ចំណាយ​មូលធន ដែល​ប្រសិទ្ធភាព​របស់​វា​អាស្រ័យ​ទាំងស្រុង ទៅនឹង​ការ​ធ្វើវិចារណកម្ម​ចំណាយ និង​សមត្ថភាព​អនុវត្ត​គម្រោង ព្រមទាំង​ការបន្ត​កើនឡើង​នូវ​ឥណទាន​ឱ្យ​ទៅ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​អាច​នាំ​ដល់​ហានិភ័យ​ជាប្រព័ន្ធ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

ក្នុង​កិច្ចប្រជុំ​នេះ ​លោក អូន ព័ន្ធ​មុន្នីរ័ត្ន ក៏បាន​លើកឡើង​ពីភាព​ខុសគ្នា​នៃ​លទ្ធផល​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល និង​លទ្ធផល​ព្យាករណ៍​របស់​ក្រុមការងារ IMF ដោយសារ​កម្ពុជា បាន​ដាក់​បញ្ចូល​ផល​ប៉ះពាល់អវិជ្ជមាន​នៃការ​ដក EBA ដោយ​សហភាព​អឺរ៉ុប ទៅក្នុងការព្យាករ​សេដ្ឋកិច្ច​តែម្តង ដោយ​រួម​ទាំង​មាន​រៀបចំ​ជា​កញ្ចប់​អន្តរាគមន៍​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ឱ្យ​កើនមក​អត្រា ៦,៥% វិញ ខណៈ​ IMF ចាត់ទុក​ការ​ដក EBA ត្រឹម​ជាហានិភ័យ​ប៉ុណ្ណោះ ពោលគឺ​មិនបាន​ដាក់​បញ្ចូល​ផ្ទាល់​ក្នុង​លទ្ធផល​ព្យាករណ៍​នោះទេ៕

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;