បទ "ថ្ងៃ​ដែល​អូន​ចុក​ឈាម" ឬ "ភូមិភ្នំធំ" របស់​កវី​ គង្គ ប៊ុនឈឿន ត្រូវ​ក្រសួង​ប្រគល់​សិទ្ធិ​ជូន​ភរិយា​លោក

  • 2019-04-10 04:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​ជូន​អ្នក​ស្រី គាត គឹមលន ភរិយាលោក គង្គ ប៊ុនឈឿន នូវ​បទចម្រៀង​​មួយបទ ដែលមាន​ចំណង​ជើង​ដើម​ថា "ថ្ងៃ​ដែល​អូន​ចុក​ឈាម" ឬដែល​គេហៅ​ខុសថា "ភូមិភ្នំធំ"។ នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​វប្បធម៌ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៩។

លោក គង្គ ប៊ុនឈឿន កាលនៅរស់ (រូបថត៖ ហ្វេសប៊ុក)
ការ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​នេះ បន្ទាប់​ពី​ក្រសួង​បាន​ទទួលសំណើ​សុំ​ពីអ្នក​ស្រី គាត គឹមលន ហើយ​ក្រសួង​បាន​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា បទ​ចម្រៀងនេះ ជាស្នាដៃ​និពន្ធ​បទភ្លេង និង​ទំនុក​ច្រៀង​ដោយ​លោក គង្គ ប៊ុនឈឿន។

ជាមួយ​គ្នានេះ ក្រសួង​ក៏បាន​ប្រកាស​ដែរថា រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែលមាន​បំណង​ចង់ប្តឹង​ជំទាស់​នឹង​ការ​ស្នើសុំសិទ្ធិ​គ្រប់គ្រងមរតក​សាសន៍​បទចម្រៀង​ខាងលើនេះ គឺ​អាច​ដាក់ពាក្យ​បណ្តឹង​ទៅ​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល។ រយៈពេល​នៃការ​ដាក់​​ពាក្យ​ប្តឹង​ជំទាស់មាន​រយៈពេល ១ខែ គិត​ចាប់ពីថ្ងៃជូនដំណឹង​នេះ​តទៅ។

សំណើសុំសិទ្ធិ​គ្រប់គ្រងខាងលើនេះ បន្ទាប់ពី​ផលិតកម្មសាន់ដេ បាន​បញ្ចេញ​ចម្រៀង​មួយ​បទមានចំណងជើងថា «អូនជាអ្នកមាន​ សមនឹងអ្នកមាន​ដូចគ្នា» ច្រៀងដោយ នាយចឺម ដោយបទនេះ មានបទភ្លេង​ស្រដៀងទៅនឹង​បទ "ថ្ងៃ​ដែល​អូន​ចុក​ឈាម" របស់​លោក​ គង្គ ប៊ុនឈឿន។

គួរ​រលឹក​ថា កាលពី​ឆ្នាំ២០១៧​កន្លងទៅ ក្រសួង​វប្បធម៌​ក៏បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​សាសន៍​នៃបទ​ចម្រៀង​ស្នាដៃ​របស់​លោក​ គង្គ ប៊ុនឈឿន ចំនួន ៤១​បទ​​ ទៅ​ឱ្យ​អ្នក​ស្រី គាត គឹមលន​ ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;