តើតំណាងរាស្រ្ដ ចេញបេសកកម្មក្រៅប្រទេស ទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មានក្នុងមួយថ្ងៃ?
- 2019-04-10 08:49:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើតំណាងរាស្រ្ដ ចេញបេសកកម្មក្រៅប្រទេស ទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មានក្នុងមួយថ្ងៃ?
ចន្លោះមិនឃើញ
តំណាងរាស្រ្ដដែលចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស ទទួលបានប្រាក់ឧបត្ថម្ភពី ៥០០ដុល្លារ ទៅជាង ៧០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ អាស្រ័យតាមទីជិត ឬឆ្ងាយ។ នេះបើតាមការឲ្យដឹងរបស់លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នៅក្នុងកម្មវិធីស្វាគមន៍ និងផ្ដល់ព័ត៌មានសម្រាប់សមាជិក សមាជិការដ្ឋសភា អាណត្តិទី៦ កាលពីខែតុលា ឆ្នាំ២០១៨។
លោក ជាម យៀប បានបញ្ជាក់ថា អ្នកតំណាងរាស្រ្ដដែលត្រូវបំពេញបេសកកម្មនៅក្នុងតំបន់ និងក្រៅតំបន់ សុទ្ធតែទទួលបានប្រាក់សោហ៊ុយពីរដ្ឋសភា ប៉ុន្តែមានចំនួនខុសគ្នា ក្នុងករណីដែលអ្នកតំណាងរាស្រ្ដនោះ ត្រូវជ្រើសតាំងពីប្រធានរដ្ឋសភា។
លោកជាម យៀប បានឲ្យដឹងថា អ្នកតំណាងរាស្រ្ដដែលត្រូវបានប្រធានរដ្ឋសភា ចាត់ឲ្យធ្វើបេសកកម្មនៅក្នុងតំបន់អាស៊ី ទទួលបានប្រាក់ចំនួន ៥០០ដុល្លារក្នុងមួយថ្ងៃ ដែលក្នុងនោះរួមមាន ប្រាក់ហោប៉ៅ ចំនួន ១០០ដុល្លារ ប្រាក់សោហុយអាហារ ១០០ដុល្លារ និងប្រាក់សោហ៊ុយស្នាក់នៅ ៣០០ដុល្លារ។ ចំពោះបេសកកម្មនៅតំបន់អាហ្រ្វិក និងចិន ទទួលបានប្រាក់ចំនួន ៦០០ដុល្លារក្នុងមួយថ្ងៃ ដែលមានប្រាក់ហោប៉ៅ ១០០ដុល្លារ សោហ៊ុយអាហារ ១០០ដុល្លារ ហោហ៊ុយស្នាក់នៅ ៤០០ដុល្លារ។ រីឯបេសកកម្មនៅតំបន់អឺរ៉ុប ទទួលបានប្រាក់ចំនួន ៧២០ដុល្លារក្នុងមួយថ្ងៃ ក្នុងនោះប្រាក់ហោប៉ៅ ១០០ដុល្លារ សោហ៊ុយអាហារ ១២០ដុល្លារ សោហ៊ុយស្នាក់នៅ ៥០០ដុល្លារ។
ជាមួយគ្នានោះដែរ លោកជាម យៀប ក៏បានឲ្យដឹងដែរថា សម្រាប់សមាជិកគណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភាវិញ ត្រូវបានផ្ដល់ជូនប្រាក់ហោប៉ៅបន្ថែម ៥០ភាគរយ និងសំបុត្រយន្តហោះថ្នាក់ Business Class។ ក្នុងករណីដែលតំណាងរាស្រ្ដត្រូវបានអញ្ជើញដោយមានការឧបត្ថម្ភពីអ្នករៀបចំកម្មវិធី រួមមានសោហ៊ុយអាហារ សោហ៊ុយស្នាក់នៅ និងសំបុត្រយន្តហោះ រដ្ឋសភាផ្ដល់ជូនតែប្រាក់ហោប៉ៅមួយមុខប៉ុណ្ណោះ។
ចំពោះ បេសកកម្មក្នុងប្រទេស វិញ លោក ជាម យៀប បានបញ្ជាក់ថា តំណាងរាស្រ្ដដែលទទួលបានការចាត់តាំងពីប្រធានរដ្ឋសភា ទទួលបានប្រាក់ហោប៉ៅចំនួន ១៦ម៉ឺនរៀលក្នុងមួយថ្ងៃ សោហ៊ុយធ្វើដំណើរគិតជាប្រេងសាំងចំនួន ១៥លីត្រក្នុង១០០គីឡូម៉ែត្រ និងសោហ៊ុយស្នាក់នៅ និងអាហារ ជាបន្ទុករបស់រដ្ឋសភា៕