ONE សហការជាមួយ​សមាគម​កីឡា​យុទ្ធគុនចម្រុះ​ពិភពលោក ដើម្បី​ជួយ​ឲ្យ MMA ក្លាយជា​ប្រភេទ​កីឡា​អូឡាំពិក

  • 2019-04-16 12:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ONE Championship ដែល​ជា​ស្ថាប័ន​កីឡា​យុទ្ធគុន​ចម្រុះ​ធំបំផុត​នៅ​អាស៊ី បាន​ប្រកាស​ពី​ការ​សហការ​ជាមួយ​សមាគម​កីឡា​យុទ្ធគុន​ចម្រុះ​ពិភពលោក (MAMMA) ដែល​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​សម្រាប់​កីឡា MMA នៅ​ទូទាំង​ពិភពលោក។

ក្រោយ​កិច្ច​សហការ​នេះ ONE Championship នឹង​ជួយ​គាំទ្រកិច្ច​ខិតខំប្រឹងប្រែង​របស់ GAMMA ដើម្បី​ធ្វើឲ្យអូឡាំពិក ទទួល​ស្គាល់​ប្រភេទ​កីឡា MMA។ បន្ថែម​លើ​នេះ ONE ក៏​នឹង​ធ្វើការ​ជាមួយ GAMMA ដើម្បី​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​ពីស្ដង់ដា​សុវត្ថិភាពរបស់ MMA ច្បាប់​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​កីឡា ក៏ដូចជា​ច្បាប់​នៃការប្រកួត​ MMA ដើម្បី​ឲ្យ​កីឡាករ​ MMA មិនទាន់​អាជីព អាច​អនុវត្តជា​ប្រចាំ​ថ្ងៃ​បាន។

លោក Chatri Sityodtong ប្រធាន និង​ជា​នាយកប្រតិបត្តិ ONE Champoinship (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
លោក Chatri Sityodtong ប្រធាន និង​ជា​នាយកប្រតិបត្តិ ONE Champoinship បាន​បញ្ជាក់ថា៖ "ONE Championship មាន​កិត្តិយស​​សូម​ប្រកាស​ពី​ការ​សហការជាមួយ GAMMA ដែល​ជា​ស្ថាប័ន​ឯករាជ្យ​សម្រាប់ MMA។ ក្នុង​នាមជា​អ្នក​ហាត់​ក្បាច់គុន​តាំងពី​ដើម​រៀង​មក​នោះ ខ្លួន​ខ្ញុំ​ផ្ទាល់បាន​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​កីឡា​យុទ្ធគុន​ចម្រុះ​មិន​ទាន់​អាជីព ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថាពួកគេ មូលដ្ឋាន​គ្រឹះ​ត្រឹមត្រូវ នឹង​ដើម្បី​ជួយ​ឲ្យ​ពួកគេ​ក្លាយជា​កីឡាករ​អាជីព"។

ចំណែក​លោក Alexander Engelhardt ប្រធាន GAMMA ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ដែរថា៖ "ក្នុងនាម GAMMA ខ្ញុំ​សូម​អរគុណ ONE Championship ដែល​បាន​គាំទ្រ និង​ប្ដេជ្ញា​ជួយ​កីឡា MMA។ ទាំង GAMMA និង ONE Championship សុទ្ធ​តែ​មានគោលបំណង នាំយក​កីឡា MMA ដាក់​ចូល​ក្នុង​ប្រភេទ​កីឡាអូឡាំពិក"។

មានទីតាំងនៅ​ក្រុង​អាំស្ទើដាំ ប្រទេស​ហូឡង់ GAMMA គឺជា​អង្គការ​មិន​គិត​ប្រាក់​ចំណេញ​ បង្កើត​ឡើង​កាលពីឆ្នា២០១៨ ដែល​មាន​សមាជិក​ជា​សហព័ន្ធ​កីឡា MMA ពី​ជាង ៦០ប្រទេស​ក្នុង​លោក។

GAMMA មាន​គោលបំណង​ធ្វើ​ឲ្យ​កីឡា MMA ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ប្រភេទ​កីឡា​របស់​អូឡាំពិក ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ MMA ស្ម័គ្រចិត្ត (មិនអាជីព) អាច​មាន​ឱកាស​សម្រេច​ក្ដី​ស្រមៃ ប្រកួត​នៅ​លើ​ឆាក​អូឡាំពិក។

សូមបញ្ជាក់ថា ដោយមានការគាំទ្រពី ONE Championship, GAMMA នឹង​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់ MMA ស្ម័គ្រចិត្ត​ ( Amateur MMA World Championships) នៅ​សិង្ហបុរី នាខែវិច្ឆិកា ចុងឆ្នាំនេះ ដោយ​មាន​កីឡាករ​ក្មេងៗ​ជាច្រើន​ចូលរួមប្រកួត​ប្រជែង៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;