ខេត្ត​កែប កំពត កោះកុង នឹង​ត្រូវ​អភិវឌ្ឍ​ទៅជា​តំបន់​ទេសចរណ៍​ផ្សេងគ្នា

  • 2019-04-23 02:24:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យក្រសួង​ទេសចរណ៍​ ដឹកនាំ​ការ​សិក្សា អំពី​ការ​រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​ខេត្ត​កែប ឱ្យក្លាយ​ទៅជា «តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់» សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកទស្សនា​កម្ពុជា​ ឱ្យកាន់តែ​ច្រើន។ ការ​សម្រេច​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងកិច្ច​ប្រជុំ «គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ» កាលពី​ថ្ងៃទី១៨ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក ថោង ខុន បាន​បន្ត​ថា ការ​អភិវឌ្ឍ​ខេត្តកែប ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិតខ្ពស់​នេះ គឺរាប់​បញ្ចូល​ទាំង​ទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក៏ដូចជា​រមណីដ្ឋាន​ទេសចរណ៍​នានា​ផងដែរ ប៉ុន្តែអាច​នឹងមិន​មាន​ការបង្កើត​ឱ្យមាន «កាស៊ីណូ» និង​រោងចក្រ​សហគ្រាស​ឡើយ។

ក្រសួងទេសចរណ៍​ក៏បាន​លើក​ទឹកចិត្ត​ឱ្យមាន​ការ​បង្កើត​លំនៅដ្ឋាន​ទី២ សម្រាប់​ភ្ញៀវទេសចរ​វ័យ​ចំណាស់ ឬចូល​និវត្តន៍​នៅខេត្ត​កែប​នេះ​ផងដែរ ដើម្បី​ឱ្យពួក​គេ​ពន្យារពេល​ក្នុងការ​ទស្សនា និង​ស្នាក់នៅក្នុង​រយៈពេល​យូរក្នុង​ប្រទេស​កម្ពុជា ដែល​ជំរុញ​ឱ្យពួកគេ​មានការ​ចំណាយ​ច្រើន។

បើតាម​លោក ថោង ខុន ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្តកែបនេះ ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លើការ​សិក្សា​រៀបចំ «ខេត្ត​កំពត​ទៅជា​តំបន់​ទេសចរណ៍​វប្បធម៌​បេតិកភណ្ឌ និង​កសិ​ទេសចរណ៍» ក្នុងពេល​ដែលរាជរដ្ឋាភិបាល​ បាននឹង​កំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ ក្នុង​គម្រោង​កិច្ចសហប្រតិបត្តិការ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ដែលអាច​នឹង​បញ្ចប់​នៅដើមឆ្នាំ​២០២០ ខាងមុខ​ផងដែរ។

មួយទៀត រាជរដ្ឋាភិបាល​ក៏មាន​គម្រោង​រៀបចំ​ខេត្តកោះកុង​ទៅជា «តំបន់​អេកូ​ទេសចរណ៍» ផងដែរ ខណៈ​ខេត្តព្រះសីហនុ​បានក្លាយ​​ជាតំបន់​ទេសចរណ៍ និង​សេដ្ឋកិច្ច​ពហុបំណង​រួចហើយ ពោលគឺ​ខេត្តជាប់ឆ្នេរសមុទ្រទាំង៤របស់​កម្ពុជា​នេះ សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​រៀងៗខ្លួន ដែលផ្ដល់​ផល​ចំណេញ​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ។ នេះបើតាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​រដ្ឋមន្រ្តី​ទេសចរណ៍៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;