សម្ដេចហ៊ុន សែន៖ នា​ពេល​អនាគត គឺ​ទុក​​​ផ្កាយ ៤ តែ​ ២នាក់ទេ

  • 2019-04-28 01:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្ដី​ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលអនាគត គឺទុក​ផ្កាយបួន តែពីរនាក់ទេ គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និងអគ្គមេ​បញ្ជាការកងទ័ព ក្រៅពីនោះ គឺពាក់ផ្កាយបីទាំងអស់។

សម្តេចតេជោ បញ្ជាក់ថា "ចាប់ពីពេលនេះ ​មេទ័ព​ជើងគោក និងក្រោមមេទ័ព​ជើងគោក គឺឲ្យតែផ្កាយបីទេ។ ហើយថ្ងៃក្រោយក្នុងករណីដែលមេជើងអាកាស មេជើងទឹកចូលនិវត្ត ក៏ឲ្យមេជើងអាកាស និងមេជើងទឹក ត្រឹមតែផ្កាយបីដែរ។ ហើយអំនឹះតទៅ អាចអគ្គមេបញ្ជាការតែម្នាក់គត់ ដែលពាក់ផ្កាយបួន ក្រៅពីនោះ គឺឲ្យពាក់ផ្កាយបីទាំងអស់"។

សម្ដេច ហ៊ុន សែន​ ថ្លែង​នា​ពេល​កន្លងមក
សម្តេចហ៊ុន សែន បានបញ្ជាក់ទៀតថា “ឥឡូវនឹងយើងពិនិត្យមើល រដ្ឋមន្ត្រីការពារជាតិក៏ផ្កាយបួន អគ្គជុំវិញខ្លួនដែលដើរអមជំនួយការរបស់រដ្ឋមន្ត្រីការពារជាតិ ក៏វាផ្កាយបួន ដល់ទៅប្រធានអគ្គនាយកផ្កាយបួន តាំងអាក្មេងៗ និងមនុស្សមួយចំនួននឹងគេឡើងផ្កាយបីជាអគ្គនាយករង ចឹងខ្ញុំចាប់ខ្ចប់ សុំទោសខ្ញុំយកកំណែទម្រង់ដែរ បើមិនចឹងទេ ពួកចៅ ភិរុណ ពួកស្អីៗនឹង គឺថាក្រុមគេនឹងចូលចិត្តឡើងស័ក្តិ។ ...ខ្ញុំមិនតែងតាំងអគ្គនាយករងឲ្យទៀតទេ ក្នុងករណីដែលថា នៅកន្លែងនឹងអគ្គនាយករងវាមានច្រើនហើយ អគ្គនាយករងខ្លះវាទៅរកស៊ី វាទៅដើម្បីឲ្យបានស័ក្តិធំ។ ហើយចំពោះអគ្គនាយករងដែលមានសព្វថ្ងៃជាផ្កាយបីហើយឲ្យទៅចុះ ហើយអ្នកដែលជាអគ្គនាយករង ឬក៏អ្នកណាដែលចង់ឡើងផ្កាយយើងឲ្យទៅក្រៅប្រអប់ ទៅជាទីប្រឹក្សាទៅជាស្អីនោះវិញ កុំឲ្យមានអគ្គនាយករងផ្កាយបីតទៅទៀត”។
សម្ដេច​ទៀ បាញ់ រដ្ឋមន្រ្ដី​ក្រសួង​ការពារជាតិ

សម្ដេច​នាយករដ្ឋមន្រ្ដី​បន្ថែមថា៖ "ឥឡូវនេះ មេរងជើងគោក​ ថ្ងៃក្រោយក៏ត្រូវពិចារណា ពីព្រោះឥឡូវនេះពាក់ផ្កាយបីទាំងអស់ហើយ ប៉ុន្តែក្រោយនឹងបន្តបញ្ចុះទៅទៀត។ ឧទាហរណ៍ថា មេភូមិភាគ និងមេកងពលបច្ចុប្បន្ន សុទ្ធតែផ្កាយបីទាំងអស់ ហើយជាអនុជើងគោក ប៉ុន្តែថ្ងៃក្រោយអាចសម្រួលលតទៅទៀត អនុជើងគោក តែអនុមួយទេដែលអាចកាន់សេនាធិការ ពាក់ផ្កាយបី ហើយអនុដទៃទៀត រាប់ទាំងមេបញ្ជាការភូមិភាគឲ្យពាក់តែផ្កាយពីរទេ។ យកវិធីនឹងដើម្បីកាត់បន្ថយនូវការតម្លើងស័ក្តិ"។

នាយ​ឧត្ដមសេនីយ៍ វង្ស​ ពិសេន អគ្គ​មេបញ្ជាការ កងយោធពល​ខេមរភូមិន្ទ

សម្តេច​បានសង្កត់ធ្ងន់ថា "យកភាពដាច់ណាត់មួយនៅក្នុងការកែទម្រង់កងទ័ព ឥឡូវនេះហាក់ដូចជាបានធ្វើហើយនៅក្នុងជើងគោក ជើងទឹក និងជើងអាកាស ក៏ប៉ុន្តែសង្កេតឃើញថា តាមបណ្តាអង្គភាពអគ្គចំណុះក្រសួងការពារជាតិនៅតែដំឡើង (ដំឡើង​ស័ក្តិ) ឲ្យតែចាប់ផ្តើមឡើងអគ្គនាយករង គឺឡើងផ្កាយបី ឥឡូវសូមឲ្យបញ្ចប់ត្រឹមប៉ុណ្ណឹងទៅ បើមិនចឹងទេ អ្នកណាចង់បានផ្កាយ គឺត្រូវរត់ទៅក្រសួងការពារជាតិហើយ"។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជូនសារទៅសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីកាត់បន្ថយការដំឡើង​ស័ក្តិ​ខាង​នគរបាល​ផងដែរ ដើម្បីឲ្យមានសមធម៌នៅក្នុងកងកម្លាំងប្រដាប់អាវុធជាទូទៅ។ សម្តេចតេជោបានលើកឡើងថា “ខ្ញុំនឹងទប់ស្កាត់ការចុះហត្ថលេខាទៅលើការដំឡើង​ថ្នាក់ទាំងពីរផ្នែក ទាំងផ្នែកខាងកងទ័ព និងផ្នែក​នគរបាល ព្រោះបើ​តម្លើងឲ្យខាងនគរបាល​ អត់ដំឡើង​ឲ្យកងទ័ពវាអត់សមភាពដែរ”៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;