ចាន់ រតនា៖ "ខ្ញុំ​នឹង​វ៉ៃ​ផ្ដាច់ មិន​រង់ចាំ​ដល់​ចប់ទឹក៣ទេ បើមិន​ខ្ញុំ គឺគេ"

  • 2019-05-02 11:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រតនា បាន​បង្ហាញ​ជំនឿចិត្ត​ ១០០% ថា​នឹង​យកឈ្នះ​កីឡាករ Rudy Agustian នា​ការប្រកួត​ក្នុងព្រឹត្តិការណ៍ ONE: FOR HONOR របស់​ ONE Championship នៅ​ឥណ្ឌូណេស៊ី នា​ថ្ងៃ​ទី៣ ខែឧសភា​ស្អែកនេះ។ រតនា បាន​អះអាង​យ៉ាង​ដូច្នេះ អំឡុង​ពេល​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ [ខ្លីៗ] និង​ក្រុម​អ្នក​សារព័ត៌មាន​ខ្មែរ ដែល​បានទៅ​យក​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​ទីក្រុង​ហ្សាការតា នាថ្ងៃទី២ ខែឧសភានេះ។

រតនា បញ្ជាក់ថា ជំនឿ ១០០% នេះ មិន​មែន​មានន័យថា​ខ្លួន​មើល​ងាយ​គូប្រកួត​នោះទេ តែ​ជា​ការ​បង្កើន​កម្លាំង​ចិត្ត​ដល់ខ្លួនឯង ក្រោយ​ពី​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងខ្លាំងក្លា និងស្វែងយល់ពីគូប្រកួត​រួចអស់ហើយ ដើម្បី​ត្រៀម​ការប្រកួតនេះ។

រតនា បន្ថែមថា៖ "ភាគច្រើន​ខ្ញុំវ៉ៃ គឺខ្ញុំ​មិន​ចង់អូស​បន្លាយ​ដល់ចប់ទឹកទី៣ នោះទេ បើមានឱកាស​ខ្ញុំ​នឹង​វ៉ៃផ្ដាច់ បើ​មិន​ខ្ញុំ គឺគេ។ តែ​យើង​មិន​អាច​មើល​ឃើញមុនទេ បើ​មិន​មាន​ឱកាស​វ៉ៃ​ផ្ដាច់ ខ្ញុំ​អាច​វ៉ៃ​សន្សំ​ពិន្ទុ តាម​កាលៈទេសៈ​ជាក់ស្ដែង គ្រាន់តែ​ថា​អ្វីដែលខ្ញុំគិត​ទុក គឺ​ខ្ញុំ​នឹង​វ៉ៃ​ផ្ដាច់ បើអាច​ទៅរួច"។

កីឡាករ​គុនខ្មែរ វ័យ ៣៣ឆ្នាំ បន្ថែមថា ការប៉ះកីឡាករម្ចាស់ផ្ទះ ក្រោម​សំឡេង​ស្រែកហ៊ោ​របស់​អ្នកគាំទ្រ​របស់គេជាច្រើន នឹងមិនធ្វើ​ឲ្យ​ខ្លួន​ចាញ់​ច្រាប ឬ​ប៉ះពាល់​ដល់​ស្មារតី​ប្រកួតនោះទេ ដោយសារ​នេះ​មិន​មែនជា​លើក​ទី១ ដែល​រតនា​ប្រកួត​ប៉ះ​កីឡាករ​ម្ចាស់ផ្ទះនោះទេ។ "ខ្ញុំធ្លាប់ប៉ះកីឡាករចិន Ma Hao Bin នៅ​ទឹកដី​ម៉ាកាវ​ពីមុន​មកដែរ មិនមែនជាលើកទី១ របស់ខ្ញុំនោះទេ ដែលត្រូវប៉ះម្ចាស់ផ្ទះបែបនេះ"។

ជាចុងក្រោយ រតនា បាន​ប្ដេជ្ញា​ថា​នឹង​នាំជ័យជម្នះ​ជូន​មាតុភូមិ​ឲ្យ​ទាល់​តែ​បាន ដើម្បី​ថ្លែង​អំណរគុណចំពោះ​អ្នក​គាំទ្រ ​ដែល​តែង​តែ​​លើក​ទឹកចិត្ត​តាំងពីដើម​រៀងមក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ONE: FOR HONOR ធ្វើឡើង​ចាប់​ពី​ម៉ោង ៦ល្ងាច​តទៅ។ រតនា នឹង​វ៉ៃ​គូទី៤ ចំណែក​កីឡា​ការិនី​ នៅ ស្រីពៅ នឹង​ប៉ះ​កីឡា​ការិនី​ម្ចាស់ផ្ទះ Priscilla ក្នុងគូទី ១០៕

គូប្រកួតទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;