លោក សុខ ទូច ត្រូវ​តុលាការ​កោះ​ហៅឱ្យ​ចូល​បំភ្លឺ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​គណបក្ស​ខ្មែរក្រោក

  • 2019-05-07 08:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ឱ្យចូលបំភ្លឺនៅថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក។ នេះបើតាម​ដីកា​របស់​ វ៉ា សក្តា ព្រះរាជ​អាជ្ញារង​នៃ​អយ្យ​ការអម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុករាជបណ្ឌិត្យសភាកម្ពុជា
យោងតាមដីកានេះ ឱ្យដឹងថា លោក ខែម ស៊ីឡេង អគ្គលេខាធិការ​រង​គណបក្ស​ខ្មែរ​ក្រោក និង​ជាតំណាង​គណបក្សខ្មែរក្រោក បាន​ប្តឹង​លោក សុខ ទូច ពីបទ កុបកម្ម និង​បទជ្រៀតជ្រែក ដោយខុសច្បាប់​ទៅក្នុងការ​បំពេញ​មុខងារ​សាធារណៈ។

លោក សុខ ទូច បាន​លើកឡើង​នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០១៩​នេះថា វាជារឿង​ចម្លែក​ក្នុងជីវិតរ​បស់លោក ព្រោះមិន​ធ្លាប់​ត្រូវបាន​តុលាការ​កោះ​ហៅទេ តែ​ពេលនេះ ត្រូវបាន​ព្រះរាជអាជ្ញារង​នៃអយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​តាមរយៈ​ដីកា​ខាងលើ​នេះ។

លោក​បញ្ជាក់ថា ទោះបី​លោក​មមាញឹក​រកពេល​សម្រាក​មិនបាន​ក្នុងការ​បំពេញ​ការងារ​រាជការ ក៏លោក​នឹង​ចូលខ្លួន​តាមការ​កោះហៅ​នេះដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;