នាយក​រដ្ឋមន្រ្តី៖ ជាលើក​ដំបូង​ដែល​វារីអគ្គិសនី​របស់​កម្ពុជា ផលិត​បាន​ជាង ៦០០​មេហ្គាវាត់

  • 2019-05-08 06:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៩​ថា សម្តេច​បាន​ទទួល​របាយការណ៍​ជាលើកដំបូង​ក្នុងរយៈពេល​ប៉ុន្មាន​ខែចុងក្រោយនេះ ដែល​វារីអគ្គិសនី​របស់​កម្ពុជា បាន​បញ្ចេញ​ថាមពល​បាន​ដល់​ជាង ៦០០មេហ្គាវាត់ ក្នុងចំណោម​ថាមពលជិត ១៤០០មេហ្គាវាត់ ខណៈ​ដែល​កម្ពុជា​បាន​ទទួល​ភ្លៀងធ្លាក់​ជាបន្តបន្ទាប់។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើកទី១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដែល​ធ្វើឡើង​នៅទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បាន​បញ្ជាក់​ដូច្នេះថា៖ «**ប៉ុន្មាន​អាទិត្យ​មុន​នោះ ពេលខ្លះ (វារីអគ្គិសនី) ចេញបាន​តែ១០០​មេហ្គាវាត់, ២០០មេហ្គាវាត់, ៣០០មេហ្គាវាត់, ៤០០មេហ្គាវាត់។ ប៉ុន្តែ​ដោយសារ​ភ្លៀង​ធ្លាក់​ក្នុងប៉ុន្មាន​ថ្ងៃនេះ អគ្គិសនី​ដែល​បញ្ចេញ​យប់មិញ​នេះ បាន​រហូតដល់​ជាង ៦០០​មេហ្គាវ៉ាត់។ សង្ឃឹមថា ភ្លៀងនឹង​បន្តធ្លាក់​តទៅ​ទៀត**»។

បើតាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យដឹង​ថា លោក លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុ​និយម បាន​ព្យាករ​ថា រដូវវស្សា​នឹងអាច​ចាប់ផ្តើម​លឿន​ជាងការ​ព្យាករពី​លើកមុន ដែល​ថា រដូវវស្សានឹ​ងចាប់ផ្តើម​នៅដើម​សប្តាហ៍​ទី៣ នៃខែ​ឧសភា​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;