កម្ពុជា រំពឹងថា​នឹង​អាច​ផលិត​ចេកអំបូងលឿង បាន​ដល់ ១លាន​តោន​នៅឆ្នាំ​២០៣០

  • 2019-05-09 06:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ថ្លែងថា នៅឆ្នាំ​២០៣០ កម្ពុជា នឹង​អាចផលិត​ចេកអំបូង​លឿង បាន​ប្រមាណ​ជាង ១លាន​តោន។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​សម្ពោធ​ការនាំចេញ​ផ្លែចេកអំបូង​លឿង​ស្រស់​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេសចិន នាព្រឹក​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្នាក់​ការ​ក្រុមហ៊ុន ហ៊ុន ទី ស្ថិតក្នុង​ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

លោក វេង សាខុន បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៤ខែ​នៃឆ្នាំ​២០១៩​នេះ ការ​នាំចេក​អំបូង​លឿង​របស់​កម្ពុជា ចេញទៅ​ក្រៅ​ប្រទេស​បាន​ប្រមាណ ៣៨ពាន់​តោន​ហើយ។ លោក​អះអាង​ថា ត្រឹម​ដំណាច់​ឆ្នាំ​២០១៩​នេះ កម្ពុជា នឹង​អាច​នាំចេញ​ចេកអំបូងលឿង ទៅកាន់​ប្រទេស​ចិន មិន​តិច​ជាង ១៣០ពាន់​តោន​ឡើយ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឱ្យដឹងថា ក្រោយពីបាន​ចុះពិនិត្យ​ និងវាយតម្លៃ​របស់​ក្រុមការងារ​បច្ចេកទេស​វាយតម្លៃ​របស់អគ្គរដ្ឋបាលគយ​របស់ចិន​នាចុងខែ​កុម្ភៈ បានចុះ​ពិនិត្យ ១០ ក្រុមហ៊ុន ដែលបាន​ដាក់ពាក្យ​ស្នើសុំ​គោលការណ៍​អនុញ្ញាត​នាំចេញ​ផ្លែចេក​អំបូង​លឿងស្រស់។ ក្រោយការ​បញ្ចប់​ធ្វើការ​វាយតម្លៃ គឺមាន​តែក្រុមហ៊ុន​ចំនួន​០៥ ប៉ុណ្ណោះ​ ដែល​គោរពបាន​តាម​លក្ខខណ្ឌ​ច្បាប់ និង​បច្ចេកទេស ហើយអាច​ធ្វើការ​នាំចេញ​ចេកស្រស់​ទៅកាន់​ទីផ្សារ​ចិន​លើកទី១ បាន​ចំនួន​ជាង ១០០តោន​នាថ្ងៃទី៩ឧសភា​នេះ។

ក្រុមហ៊ុន​ទាំងនោះរួមមាន៖ ១. Longmate Agriculture, ២. Long Sreng Hua Jian Agriculture, ៣. Green Island Agriculture, ៤. Sovann Reachsey និង ៥. Grand Land Agriculture។

លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុក​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​កសិកម្ម ក៏បាន​ឡើង​រាយការណ៍​ជូនអង្គពិធី​ជ្រាប​អំពីផលិតកម្ម​ចេកអំបូងលឿង​ដែលកំពុងមាន​ទីផ្សារខ្ពស់​នៅ​អន្តរជាតិ ហើយ​កំពុង​ត្រៀមរៀបចំ​ធ្វើការ​នាំចេញ​ជាបន្តបន្ទាប់​ចាប់ពី​ពេលនេះ​តទៅ។

ក្រៅពីនេះ លោកក៏បាន​បញ្ជាក់​ដោយ​សង្ខេប​ពីដំណើរការ​នៃការ​ចរចាជា​មួយ​ភាគី​ចិន អំពី​នីតិវិធី បែប​បទ ឯកសារ​ចាំបាច់សំខាន់ៗ​ទាំងច្បាប់ និងបច្ចេកទេស ជាពិសេស​ឯកសារ​អនាម័យ និងភូតគាមអនាម័យ​ មុនឈាន​ទៅចុះហត្ថលេខា​លើអនុស្សរណ:​នៃការ​យោគយល់គ្នា​ កាលពីថ្ងៃទី​០២ ខែ​សីហា ឆ្នាំ២០១៨ ស្តីពីការ​នាំចេកស្រស់​ចេញទៅកាន់​ទីផ្សារ​ចិន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;