លម្អិត​អំពី​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់​កម្ពុជា

  • 2019-05-10 07:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តបតាម​ការអញ្ជើញ​របស់​សម្តេច​នាយករដ្ឋមន្រ្តី​​ ហ៊ុន សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋ​សហព័ន្ធប្រជាធិបតេយ្យ​នេប៉ាល់ នឹង​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ១៣ ដល់ ១៥ ខែ​ឧសភា ឆ្នាំ​២០១៩។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៩។

រូបថត៖ Reuters
​លោក ខេ ភី សាម៉ា អូលី នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​ និង​សម្តេច ហេង សំរិន ប្រធាន​រដ្ឋ​សភា​។ លោក​នឹងមាន​ជំនួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​ ហ៊ុន​ សែន។

បន្ថែមពីនេះ​លោក ខេ ភី សាម៉ា អូលី ត្រូវបាន​រំពឹង​ថា នឹងថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-នេប៉ាល់។

​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ ​លោក​នាយករដ្ឋមន្រ្តី​នេប៉ាល់ នឹងអញ្ជើញ​ដាក់កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅស្តូប​វិមាន​ឯករាជ្យ និង​ព្រះមណ្ឌបព្រះ​បរមរតន​កោដ្ឋ អតីត​ព្រះមហាក្សត្រ​កម្ពុជា។ លោក​ក៏នឹង​អញ្ជើញ​ទៅទស្សនា​ទីកន្លែងសំខាន់ៗ​មួយចំនួន​នៅរាជធានី​ភ្នំពេញ​ផងដែរ។ ​

ក្រសួង​ការបរទេស លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​នេប៉ាល់ មកកាន់​កម្ពុជា​នាពេលខាងមុខនេះ នឹង​ពង្រឹង​ឲ្យកាន់តែ​រឹងមាំ​ថែមទៀត​នូវចំណង​មិត្តភាព និងលើក​តម្កើង​កិច្ចសហប្រតិបត្តិការ​លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;