វិសាខា ឈ្នះបឹងកេត ខណៈទ័ព វាយបកយក​ឈ្នះយុវជន​បាទីចុងម៉ោង

  • 2019-05-12 04:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមវិសាខា បានយកឈ្នះ​ក្រុមបឹងកេត ដោយ​លទ្ធផល ៣-២ ក្នុង​សប្ដាហ៍ទី ៧ នៃ​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2019 នា​ថ្ងៃសៅរ៍ ទី១១ ខែឧសភា នៅ​កីឡដ្ឋាន​វិសាខា។

គ្រាប់​បាល់​ទាំង ៥ ក្នុងការប្រកួតនេះ សុទ្ធ​តែ​កើតឡើង​នាតង់ទី២ ពោល​គឺ​ក្រុមភ្ញៀវ​បាន​ស៊ុត​នាំមុខ​មុន ដោយ​កីឡាករ Eduardo នៅនាទី ៦៣ (ប៉េណាល់ទី) ប៉ុន្តែត្រូវក្រុមម្ចាសផ្ទះវិសាខា ដាក់ ៣គ្រាប់វិញ ដោយកីឡាករ Guardiano នាទី ៦៧, ៧៩ (ប៉េណាល់ទី) និង សាន គឹមហេង នាទី ៩០+២។ មុនចប់ការប្រកួត បឹងកេត​សង​១គ្រាប់​វិញ​ដែរ ដោយ​ខ្សែប្រយុទ្ធ​ជើងចាស់ ឃួន ឡាបូរ៉ាវី នាទី ៩០+៥ ប៉ុន្តែ​មិន​អាច​តាម​ស្មើ​វិសាខាបានឡើយ។

កីឡាករ​របស់វិសាខា អបអរ​ក្រោយស៊ុត​បញ្ចូលទី (រូបភាព៖ វិសាខា)
៣ពិន្ទុ​បន្ថែមនេះ ជួយ​ឲ្យ​វិសាខា កើន​ដល់ ១៦ពិន្ទុ ឈរ​លេខ ២ បណ្ដោះអាសន្ន ខណៈបឹងកេត នៅ​តែ​មាន ១៣ពិន្ទុ​ដដែល តែធ្លាក់​ទៅលេខ ៥។

ចំណែក​ក្រសួងការពារជាតិ (ទ័ព) បានឈ្នះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ទាំង​លំបាក ដោយលទ្ធផល ៤-៣។

នៅនាទី ៤២ អ៊ាន ពិសី បានរកគ្រាប់បាល់​ឲ្យ​ក្រុមភ្ញៀវ​បាទី នាំមុខមុន ប៉ុន្តែ​ចុងតង់ទី១ Bisan George បានជួយ​ឲ្យ​ក្រសួង​ការពារជាតិ​តាមស្មើ​វិញ។ ឈាន​ចូលតង់ទី២ នាទី ៥៨ Dzama Bata បាន​រកគ្រាប់​បាល់​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ក្រសួ​ងការពារជាតិ​នាំមុខ​វិញម្ដង ប៉ុន្តែ​ត្រូវ​យុវជន​បាទី ដាក់​២គ្រាប់​វិញ ដោយ​ប៊ុនធឿន ប៊ុនណារ៉ុង នាទី ៧៥ និង សៀង ចន្ធា នាទី ៨៣។ យ៉ាងណាក្ដី នៅ​នាទី ៨៦ Dzama Bata បាន​រកគ្រាប់បាល់​ឲ្យ​ទ័ព តាមស្មើ ៣-៣ មុនពេល Bisan George ស៊ុតគ្រាប់​ទី៤ ឲ្យ​ទ័ព ឈ្នះ យុវជនបាទី ទាំង​ប្រផុតប្រផើយ ៤-៣។

លោក ភា សុភក្រ្ដា គ្រូបង្វឹកក្រសួងការពារជាតិ ក្រោយ​ឈ្នះ​ការប្រកួតចុងម៉ោង (រូបភាព៖ CNCC)

ក្រោយជ័យជម្នះនេះ ការពារជាតិ កើនដល់ ១៤ពិន្ទុ ឡើង​ឈរ​លេខ ៤ ក្នុង​តារាង ខណៈ​បាទី នៅ​តែ​មាន ៣ពិន្ទុ ឈរ​លេខរៀងទី ១៣។

លទ្ធផល​១គូទៀត គឺ​ណាហ្គាខប ឈ្នះក្រុមម្ចាស់ផ្ទះ​អគ្គិសនីកម្ពុជា ៣-០។ ជ័យជម្នះនេះ ជួយឲ្យណាហ្គាឡើងឈរ​កំពូល​តារាងបណ្ដោះអាសន្ន ដោយមាន ១៨ពិន្ទុ ក្នុង ៧ប្រកួត៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;