ក្រសួងវប្បធម៌​ស្រាវជ្រាវ​រកសិល្បករ​ចាប៉ីដងវែង ខណៈ​សិល្បៈ​នេះ​ប្រឈម​ខ្វះ​អ្នកស្នង

  • 2019-05-21 07:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ធ្វើ​បច្ចុប្បន្នភាព​សិល្បករ​ចាប៉ី​ដងវែង ខណៈ​សិល្បៈ​នេះ​កម្រ​មាន​មនុស្ស​ចាប់​អារម្មណ៍​ក្នុងការ​រៀនសូត្រ និងអ្នកមាន​ទេពកោសល្យ​មាន​ចំនួន​តិចតួច។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​នៅថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ លោក ហាប់ ទូច អគ្គនាយក​បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យដឹង​ថា ការធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សិល្បករ​ចាប៉ី​ដងវែង​នៅទូទាំង​ប្រទេស​នេះ ក្នុង​គោល​បំណង ដើម្បី​ឲ្យដឹងពី​នៃ​ស្ថានភាព​នៃការ​រស់នៅ និង​ជីវភាព ក៏​ដូចជា​ចង់ដឹង​ពីប្រវត្តិសិក្សា​របស់​សិល្បករ​ផ្នែក​នេះ ឲ្យ​កាន់តែ​ច្បាស់។

លោក​បន្ត​ថា ការធ្វើ​ជំរឿន​នេះ ក៏ជា​ការ​លើក​ទឹកចិត្ត​ដល់​សិល្បករ និង​យុវជន​ជំនាន់ក្រោយ​ខិតខំរៀន​សូត្រ​ នូវ​ទម្រង់​សិល្បៈ​មួយនេះ​ឲ្យបាន​ល្អប្រសើរ ដើម្បី​ប្រយោជន៍​លើក​ស្ទួយ និង​អភិរក្ស​សិល្បៈ​ចាប៉ី​ដងវែង​ខ្មែរ​ឲ្យស្ថិតស្ថិរ​ជា​អង្វែង​តទៅ។ ក្រោយដឹងពី​បច្ចុប្បន្នភាព​អ្នក​សិល្បៈ​ទាំងនេះ ក្រសួង​នឹង​រៀបចំ​ឲ្យមាន​ជា​មហោស្រព​សម្រាប់​ឲ្យ​ពួកគាត់​សម្តែង​ដើម្បី​បានប្រាក់ ចំណូល និង​រៀបចំ​ឲ្យមាន​ជា​វេទិកា ដើម្បី​ជា​ថ្នាល​បណ្តុះបណ្តាល​បន្ត​ដល់អ្នក​ស្រលាញ់​ចូលចិត្ត​នឹង​អាជីព​សិល្បៈ​នេះ។

របាយការណ៍​បឋម​ពី​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បង្ហាញ​ថា សិល្បករ​ចាប៉ី​ដងវែង ដែលត្រូវបាន​ស្រាវជ្រាវ​រកឃើញ​ចាប់ពី​ថ្ងៃទី​១៤ ដល់ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៩ មាន​ចំនួន​ជាង ១០០​នាក់ ដោយ​អ្នក​ទាំងនោះ មាន​អាយុ​ចន្លោះពី​១៥ ទៅ ៨០ឆ្នាំ ក្នុងនោះ​នៅខេត្ត​ព្រៃវែង និង​ស្វាយរៀង មានជាង ១០នាក់​ដែលស្ថិតក្នុង​វ័យ​ចំណាស់​មានអាយុ​ចាប់ពី​ជាង ៥០ឆ្នាំ​ឡើងទៅ។

ចាប៉ី​ដងវែង ជា​សិល្បៈ​ប្រពៃណី​បែប​ប្រជាប្រិយ​មួយ​នៅក្នុង​សង្គម​ខ្មែរ ដែលក្នុង​នោះ​រាប់បញ្ចូល​ទាំង​ឧបករណ៍​ភ្លេងចាប៉ី និង​ចម្រៀង​ផង ដោយ​សិល្បករ​ផ្នែកនេះ​អាច​លេងម្នាក់ឯង​ក៏បាន ឬជាក្រុម​ក៏បាន តាមបែប​រឿង​និទាន កំណាព្យកាព្យ​ឃ្លោង ការអប់រំ និង​បញ្ហា​សង្គម នៅពិធី​សំខាន់ៗ​ដូចជា៖ កិច្ចជាវ​ខាន់ស្លា​ក្នុង​ពិធី​មង្គលការ ពិធី​កោរជុក ពិធី​បំបួស បុណ្យកឋិន ជាដើម។

សិល្បៈ​អរូបិយ​របស់​កម្ពុជា​មួយ​នេះ ត្រូវបាន​អង្គការ​យូណេស្កូ ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​នៃមនុស្សជាតិ កាលពីថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ យ៉ាងណា​ក៏ដោយ សិល្បករ​ចាប៉ីដង និង​ក្រុមអ្នកគាំទ្រ​សិល្បៈ​នេះ បានលើក​បង្ហាញពី​ក្តីព្រួយបារម្ភ​ចំពោះ​ការបាត់បង់​សិល្បៈ​មួយនេះ​នាពេល​អនាគត ខណៈ​បច្ចុប្បន្ន អ្នក​ស្រឡាញ់ និង​ចូលចិត្ត​រៀនចាប៉ី​ដងវែង​នេះ មានចំនួន​តិចតួច​នៅឡើយ៕

អត្ថបទ និង​រូបថតក្រសួងព័ត៌មាន

អត្ថបទថ្មី
;