វៀតណាម អាច​នឹង​ផ្តួល​អង់គ្លេស ក្នុង​ការ​នាំ​ទំនិញ​ទៅ​អាមេរិក

  • 2019-05-29 03:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​នឹង​កំពុង​ក្លាយ​ជា​ប្រភព​នៃការ​នាំ​ទំនិញ​ចូល​ទីផ្សារ​​អាមេរិក​ដ៏​លឿន​បំផុត នៅក្នុង​រយៈកាល​ចុងក្រោយ​នេះ ពិសេស​គឺអាច​នឹង​វ៉ាដាច់​អង់គ្លេស​ទៀតផង។ នេះបើតាមការ​ចុះផ្សាយ​របស់ Bloomberg កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩។

មេដឹកនាំអាមេរិក និងវៀតណាម ក្នុងអំឡុងធ្វើជាអធិបតី​ក្នុងពិធីចុះហត្ថលេខាមួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុងហាណូយ។ រូបថត៖ AFP
យោងតាម​ទិន្នន័យ​របស់​ការិយាល័យ​ជំរឿន​អាមេរិក បង្ហាញ​ថា ក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ​២០១៩ វៀតណាម នាំ​ទំនិញ​ចូល​អាមេរិក គិត​ជា​ទឹកប្រាក់​ប្រមាណ ជាង ៦៨,៩៩ពាន់​លាន​ដុល្លារ កើនឡើង ៤០,២ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ចំនួន​នេះ ធ្វើឱ្យ​វៀតណាម​ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី៧ នៃការ​ផ្គត់ផ្គង់​ទំនិញ​ឱ្យ​អាមេរិក។ ចំណែក​អង់គ្លេស នាំ​ទំនិញ​ចូល​អាមេរិក​បាន​ជាង ៦២ពាន់​លាន​ដុល្លារ កើន​ឡើង​ត្រឹម ២,២ភាគរយ​ប៉ុណ្ណោះ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៩។

ក្នុងឆ្នាំ​២០១៨ វៀតណាម នាំ​ទំនិញ​ចូល​អាមេរិក គិត​ជាទឹកប្រាក់​ប្រមាណ​ជាង ៤៩ពាន់​លាន​ដុល្លារ ស្ថិតនៅ​លំដាប់​លេខ១២ ខណៈ​អង់គ្លេស ស្ថិតនៅ​លេខ៧ នាំទំនិញចូល​អាមេរិក បាន​ជាង ៦០ពាន់​លានដុល្លារ។

យ៉ាងណាមិញ ប្រទេស​ចិន នៅតែ​នាំមុខគេ​ក្នុង​ការផ្គត់ផ្គង់​ទំនិញ​ឱ្យអាមេរិក ពោលគឺ​បាន​ប្រមាណ​ជាង ៤៦៤ពាន់​លានដុល្លារ ក្នុងរយៈពេល​៣ខែឆ្នាំ​នេះ ប៉ុន្តែចំនួន​នេះ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាង​គេ គឺ ១៣,៩% បើ​ប្រៀបធៀបនឹង​ឆ្នាំមុន។ នេះ​ក៏​ដោយ​សារតែ​ប្រទេស​ទាំង២ កំពុង​មានភាពតាន​តឹង​ខ្លាំង​លើសង្គ្រាម​ពាណិជ្ជកម្ម តាម​រយៈការ​ដំឡើងពន្ធ​ដាក់គ្នា​ទៅវិញ​ទៅមក។

រដ្ឋបាល​ដូណាល់ ត្រាំ ធ្លាប់បាន​លើកឡើង​ថា ការ​កើនឡើង​ភាពតានតឹង​ពាណិជ្ជកម្ម​រវាង​ក្រុងប៉េកាំង និង​វ៉ាស៊ីងតោន នឹង​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ដែល​ស្ថិតក្នុង​ប្រទេស​ចិន រើ​រោងចក្រ​ទៅ​ទីតាំងថ្មី​នៅ​ប្រទេស​ជិតខាង ក្នុងនោះ​វៀតណាម គឺ​ជា​ប្រទេស​ដែលមាន​សក្តានុពល​ជាងគេ៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;