អាមេរិក ប្រុងជើងការទុកមុនដោយកាត់បន្ថយការពឹងផ្អែកលើ "រ៉ែកម្រក្នុងផែនដី" របស់ចិន
- 2019-05-30 06:59:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ប្រុងជើងការទុកមុនដោយកាត់បន្ថយការពឹងផ្អែកលើ "រ៉ែកម្រក្នុងផែនដី" របស់ចិន
ចន្លោះមិនឃើញ
មន្ទីរបញ្ចកោណអាមេរិក បានបញ្ជូនរបាយការណ៍មួយទៅសភាកាលពីពេលថ្មីៗនេះស្តីពី "រ៉ែកម្រក្នុងផែនដី (Rare Earth Minerals)" ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីប្រទេសចិន ក្នុងអំឡុងមានភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង២។
លោក Mike Andrews អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានប្រាប់ Reuters កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ថា ក្រសួងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតី ដូណាល់ ត្រាំ សភា និងក្រុមហ៊ុនឧស្សាហកម្ម ដើម្បីបន្ថយការពឹងផ្អែកទៅលើ រ៉ែកម្រក្នុងផែនដីរបស់ចិន។
"រ៉ែកម្រក្នុងផែនដី" គឺមានសារៈសំខាន់សម្រាប់ការផលិត និងការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាដូចជា ស្មាតហ្វូន រថយន្តអគ្គិសនី និងឧបករណ៍យោធា ដូចជាយន្តហោះចម្បាំងជាដើម។
ចិនគឺប្រទេសធំបំផុតដែលផលិត និងនាំចេញរ៉ែកម្រ ពោលគឺប្រមាណ៩០% នៃផលិតកម្មសកល។ ក្នុងនោះ អាមេរិកពឹងផ្អែកការនាំចូលរ៉ែកម្រពីចិនប្រមាណ ៨០ភាគរយ នៃការនាំចូលសរុបរបស់ខ្លួន។
គម្រោងកាត់បន្ថយខាងលើ គឺបន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុនរ៉ែកម្រក្នុងផែនដី នៅក្រុង Ganzhou ខេត្ត Jiangxi ភាគខាងកើតប្រទេសចិន បានធ្វើឱ្យមានការលើកឡើងជាច្រើនថា មេដឹកនាំចិន នឹងផ្អាកនាំចេញធនធានរ៉ែកម្រ ទៅអាមេរិក ដើម្បីជាការតបតវិញ ក្នុងសង្គ្រាមពាណិជ្ជកម្មនេះ៕
អត្ថបទទាក់ទង៖ រ៉ែកម្រក្នុងផែនដីរបស់ចិន ពិតជាសំខាន់ណាស់មែនទេសម្រាប់អាមេរិក?