ប្អូនស្រី​លោក គីម ជុងអ៊ុន បង្ហាញ​ខ្លួន​ជា​សាធារណៈ​វិញ​ហើយ ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម

  • 2019-06-04 04:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី គីម យ៉ូជុង (Kim Yo-jong) ដែល​ជា​ប្អូនស្រី​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ដំបូង នៅក្នុង​រយៈពេល ៥២ថ្ងៃ​មកនេះ។ ការណ៍​នេះ បាន​បន្សាប​នូវពាក្យ​ចចាមអារ៉ាម​ដែល​ថា លោកស្រីត្រូវរងការពិន័យដាក់ទោស​ដោយសារ​ការបរាជ័យ​ជុំវិញ​ជំនួប​កំពូល​លើក​ទី២ រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ។

ការ​បង្ហាញ​ខ្លួន​នេះ ធ្វើឡើង​ក្នុងពេល​ដែលលោកស្រី គីម យ៉ូជុង បាន​ចូលរួម​ក្នុង​ពិធី​សម្តែង​សិល្បៈ​មួយហៅ​ថា «The Land of the People» នៅ​កីឡដ្ឋាន May Day ក្នុងក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០១៩ ជាមួយ​លោក គីម ជុងអ៊ុន។ នេះបើ​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​កូរ៉ខាងជើង KCNA។

រូបថត៖ KCNA
ក្រៅពី​នោះ លោកស្រី ក៏ត្រូវ​បាន​គេសង្ស័យ​ថា ខកខាន​មិនបាន​រួមដំណើរ​ជាមួយ​លោក គីម ជុងអ៊ុន ទៅកាន់​ប្រទេស​រុស្ស៊ី កាលពីខែ​មេសា សម្រាប់​ជំនួប​ជាមួយ​លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន​ផងដែរ ព្រោះ​ជា​រឿយៗ លោកស្រី​តែងទៅ​ជាមួយ​លោក គីម ជុងអ៊ុន ជានិច្ច នៅពេល​មាន​ដំណើរ​ទៅ​ក្រៅ​ប្រទេស ក្នុងនាម​ជា​ជំនួយ​ការ​ម្នាក់។

យ៉ាងណាមិញ ក៏មាន​ការសន្និដ្ឋាន​ផងដែរ​អំពីការ​មិន​បង្ហាញខ្លួន​របស់​លោកស្រី គីម យ៉ូជុង ដោយសារតែ​បញ្ហា​សុខភាព​របស់​លោកស្រី។

បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងជើង កាល​ពី​ថ្ងៃទី៣ ខែ​មិថុនា លោក គីម យ៉ុងឆុល (Kim Yong-chol) ដែល​មាន​ពាក្យចចាម​អារ៉ាម​ថា លោក​បាន​ទទួលរង​ទណ្ឌកម្ម​បង្ខំឱ្យធ្វើការយ៉ាងលំបាក​នៅក្នុង​តំបន់​ដាច់​ស្រយាល​មួយ ដោយសារ​ការ​បរាជ័យ​ក្នុងជំនួបត្រាំ-គីម ដែរ​នោះ គឺ​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ផងដែរ ជាមួយ​លោក គីម ជុងអ៊ុន ក្នុង​អំឡុង​ពេល​ចូលរួម​ក្នុង​ពិធី​សម្តែង​សិល្បៈ​មួយ កាលពី​ថ្ងៃទី២ ខែ​មិថុនា៕

អត្ថបទ​ទាក់ទង៖ កូរ៉េ​ខាងជើង ប្រហារ​ជីវិត​មន្រ្តីដែល​ធ្វើ​ការងារ​បរាជ័យ ក្នុង​ជំនួប​ ដូណាល់ ​ត្រាំ-គីម ជុងអ៊ុន

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;