លោក ថាច់ សេដ្ឋា៖ ការរម្លឹកខួបបាត់បង់ទឹកដីខែ្មរក្រោម មិនមែនជារឿងនយោបាយឡើយ
- 2019-06-04 06:36:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ថាច់ សេដ្ឋា៖ ការរម្លឹកខួបបាត់បង់ទឹកដីខែ្មរក្រោម មិនមែនជារឿងនយោបាយឡើយ
ចន្លោះមិនឃើញ
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងបញ្ជាក់ថា ការប្រារព្ធខួបលើកទី៧០ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម គឺជារឿងប្រវត្តិសាស្ត្រដែលត្រូវដឹងទាំងអស់គ្នា មិនមែនជារឿងនយោបាយនោះទេ។ ការថ្លែងនេះ ក្នុងពិធីប្រារព្ធខួបលើកទី៧០ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម (៤ មិថុនា ១៩៤៩-០៤ មិថុនា ២០១៩) នៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។
ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស យាងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ក្នុងពិធីនេះ។
លោក ថាច់ សេដ្ឋា បន្តថា៖ «ខ្ញុំគាំទ្រប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថា មានតែការរួបរូមជាតិ ផ្សះផ្សាជាតិទេ ដែលអាចរក្សាស្ថិរភាព សន្តិភាព ការពារទឹកដីយើងបាន ខ្ញុំសូមឲ្យរដ្ឋាភិបាលប្រកាន់យកការផ្សះផ្សាជាតិ ដោយសារតែបែកបាក់សាមគ្គីជាតិហ្នឹងហើយ បានជាអស់ទឹកអស់ដី បង្ហាញពីការសាមគ្គីជាតិ ក្នុងការការពារផលប្រយោជន៍ប្រទេសជាតិយើង»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ គឺជាខួប៧០ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានបន្សល់ទុកឲ្យកូនខ្មែរចងចាំ និងទុកជាបទពិសោធន៍ដែលគួរជៀសវាង កុំឲ្យជាន់ដានប្រវត្តិសាស្ត្រដ៏ជូរចត់នេះអាចកើតឡើងជាថ្មី នៅពេលបច្ចប្បន្ន និងតទៅអនាគតទៀត។
លោក សុខ ឥសាន បានបញ្ជាក់ថា៖ «នៅឆ្នាំ១៩៣៩ អាណានិគមនិយមបារាំងបានផ្ទេរការគ្រប់គ្រងរដ្ឋបាលលើកោះត្រល់ទៅឲ្យរដ្ឋបាលកូសាំងស៊ីន។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំងបានប្រគល់ដែនដីកម្ពុជាក្រោមទាំងមូល ដែលរួមទាំងកោះត្រល់ផងទៅឲ្យស្តេចបាវដាយ នៃប្រទេសអណ្ណាម បន្ទាប់ពីមានការអនុម័តរបស់សភាកូសាំងស៊ីន និងសភានៃសហភាពបារាំង និងសេចក្តីសម្រេចរបស់លោកប្រធានាធិបតីបារាំងផង រួចមកដោយគ្មានការតវ៉ាណាមួយពីអាជ្ញាធរកម្ពុជាឡើយ។ ទោះបីសម្តេចព្រះនរោត្តម សីហនុ ដែលបានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ក៏ព្រះអង្គមិនបានទាមទារទឹកដីកម្ពុជាក្រោមរួមទាំងកោះត្រល់ផងមកឲ្យកម្ពុជាវិញដែរ គឺទាមទារតែដែនដីកម្ពុជាសព្វថ្ងៃដែលមានក្រឡាផ្ទៃ ១៨១ ០៣៥ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ការបាត់បង់ដែនដីកម្ពុជាក្រោម គឺជាការបាត់បង់ដ៏គួរឲ្យសោកស្តាយជាទីបំផុត តែហួសពីលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការទាមទារមកឲ្យប្រជាជាតិកម្ពុជាវិញ គ្រាន់តែបានចាត់ទុកថាជាផលវិបាកនៃប្រវត្តិសាស្ត្រប៉ុណ្ណោះ»។
អ្នកនាំពាក្យ CPP រូបនេះបន្តថា ការបាត់បង់ដែនដីកម្ពុជាក្រោម ត្រូវបានអ្នកនយោបាយយកមកធ្វើអាជីវកម្មកេងចំណេញខាងនយោបាយបោកប្រាស់ប្រជាជនដាក់កំហុសទៅលើគណបក្សនយោបាយជាគូប្រកួតដើម្បីមហិច្ឆតាចង់បានសន្លឹកឆ្នោត៕