ទង់​តៃវ៉ាន់ ត្រូវបាន​ដាក់​ស្មើភាព​គ្នា​ជាមួយ​ទង់​ប្រទេស​ដទៃ ក្នុង​សន្និសីទ​យោធា​មួយ​នៅ​អាមេរិក

  • 2019-06-11 04:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង​ម៉ារីន​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក ​ទើបតែ​បញ្ចេញ​រូប​ថត​មេបញ្ជាការ និង​ទង់​តៃវ៉ាន់ ក្នុង​សន្និសីទ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ប្រចាំ​ឆ្នាំ​មួយ​ហៅថា Pacific Amphibious Leaders Symposium (PALS-19) ដែល​ធ្វើឡើង​ពីថ្ងៃទី៣ ដល់ ៦ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​រដ្ឋ Honolulu កោះ​ហាវ៉ៃ សហរដ្ឋ​អាមេរិក។

ចំពោះ​រូប​ទង់តៃវ៉ាន់ គឺ​ត្រូវ​បាន​គេសង្កេត​ឃើញ​ក្នុង​ពេល​ដែល​លោក​ឧត្តម​នាវីឯក Phil Davidson មេបញ្ជាការ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ឡើង​ថ្លែង​ក្នុង​សន្និសីទ​ PALS-19។

ចំណែក​រូបមួយ​ទៀត គឺ​មេបញ្ជាការ​តៃវ៉ាន់ លោក​ឧត្តមសេនីយ៍​ទោ Liu Erh-jung និង​លោក​ឧត្តមសេនីយ៍ឯក H. Stacy Clardy III មេបញ្ជាការ​កង​ម៉ារីន​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក ផ្លាស់ប្តូរ​អំណោយគ្នា​ទៅវិញ​ទៅមក​ក្នុង​អំឡុងពេល​លោក Liu ចូលរួម​ក្នុង​សន្និសីទ​នេះ។

គួរ​រំលឹក​ដែរថា កាលពីថ្ងៃទី​៨ ខែ​មិថុនា​កន្លងទៅ ក្រសួង​ការពារ​ជាតិ​អាមេរិក ក៏បាន​បញ្ចេញ​របាយការណ៍​កម្រាស់ ៥៥ទំព័រ​ផងដែរ ដែល​បង្ហាញ​អំពីយុទ្ធសាស្រ្តអាមេរិក​ក្នុងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្នុង​របាយការណ៍​នោះ ត្រូវ​គេកត់សម្គាល់​ឃើញ​ថា តៃវ៉ាន់​ត្រូវបាន​ដាក់បញ្ចូលក្នុង​បញ្ជី​ប្រទេស​ដែល​សហរដ្ឋអាមេរិក ត្រូវពង្រឹង​ភាព​ជាដៃគូស្របជាមួយ​សិង្ហបុរី ណូវែលហ្សេឡង់ និង​ម៉ុងហ្គោលី។

ក្នុង​របាយការណ៍នេះ បាន​សរសេរ​យ៉ាងដូច្នេះថា៖ «ប្រទេស​ទាំង៤នេះ បានចូលរួម​ចំណែក​ក្នុង​បេសកកម្ម​របស់​អាមេរិក​នៅជុំវិញ​ពិភពលោក និង​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​រក្សា​សេរីភាព និង​បើក​ចំហ​សណ្តាប់ធ្នាប់​អន្តរជាតិ»។

របាយការណ៍​នេះ​បន្ត​ថា ប្រទេស​ទាំង៤ គឺ​ជាដៃគូ​ធម្មជាតិ ជឿជាក់​ និង​មាន​សមត្ថភាព។ ក្រុង​ប៉េកាំង ​មិនបាន​ទទួលស្គាល់​តៃវ៉ាន់ ថា​ជារដ្ឋឯករាជ្យ​ឡើយ ដោយគ្រាន់​តែចាត់ទុក​ជាខេត្តមួយ​របស់ខ្លួន​ប៉ុណ្ណោះ។

សូម​ជម្រាប​ថា សន្និសីទ PALS គឺ​ជាការ​ប្រមូលផ្តុំ​នូវ​មេបញ្ជា​ការ​យោធា​មកពី​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ចំនួន​២០ នៅក្នុង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បី​ពិភាក្សា​អំពី​ប្រតិបត្តិការ​យោធា​ទាំងផ្លូវទឹក គោក និង​អាកាស ជាមួយនឹង​គោល​បំណងរក្សា និង​ការបង្កើត​ទំនាក់ទំនង​ក្នុង​តំបន់ ព្រមទាំង​កិច្ចពិភាក្សា​អំពី​ទិដ្ឋភាព​សំខាន់ៗលើ​ការ​អភិវឌ្ឍ​សមត្ថភាព ការឆ្លើយតប​នឹង​វិបត្តិ និង​អន្តរ​ប្រតិបត្តិការ​ជាដើម៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;