ម្ចាស់ផ្ទះជួលនៅខេត្តព្រះសីហនុ អាចជួបវិបត្តិនៅថ្ងៃណាមួយ បើមិនបានត្រៀមខ្លួនជាមុន
- 2019-06-13 03:25:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ផ្ទះជួលនៅខេត្តព្រះសីហនុ អាចជួបវិបត្តិនៅថ្ងៃណាមួយ បើមិនបានត្រៀមខ្លួនជាមុន
ចន្លោះមិនឃើញ
ខណៈម្ចាស់ផ្ទះជួលនៅខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ខ្លាំងពីអ្នកជួលជាជនជាតិចិន អ្នកជំនាញផ្នែកអចលនទ្រព្យ បានរំលឹកដល់ម្ចាស់ផ្ទះទាំងនោះ គួរត្រៀមខ្លួន ឬរៀបជើងព្រួលឱ្យបានល្អ ដើម្បីជៀសផុតពីវិបត្តិនានានៅថ្ងៃក្រោយ។
លោក គឺម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានឱ្យដឹងថា ម្ចាស់ផ្ទះជួលដែលកំពុងត្រូវប៉ាន់ និងអាចរកចំណូលបានខ្ទង់ពាន់ និងម៉ឺនដុល្លារ ក្នុងមួយខែ គួរប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព ព្រោះពេលណាមួយ ដែលសំណង់របស់អ្នកវិនិយោគគិនចិនសាងសង់រួច គឺជនជាតិចិនទាំងនោះ នឹងរើទៅស្នាក់នៅអគារខុនដូ ឬសំណង់របស់ចិនគ្នាគេ ជាក់ជាមិនខាន។ ជនជាតិចិន គឺជាជាតិសាសន៍មួយ ដែលជាតិនិយម ទាំងរកស៊ី ធ្វើការ និងចូលចិត្តរស់នៅម្តុំគ្នា។
លោកបានឱ្យដឹងទៀតថា កុំរំពឹងជនជាតិចិនជួលផ្ទះរហូតដល់ ១០ ឆ្នាំទៅ ២០ ឆ្នាំ ឱ្យសោះ គឺមិនអាចទេ។ ក្បួននៃការរកស៊ីរបស់ជនជាតិចិនគឺ វ៉ៃរហ័សដករហ័ស មានន័យថា មកដូចទឹកធ្លាក់ពីលើភ្នំ ប៉ុន្តែក៏ឆាប់អស់ដូចគ្នាយ៉ាងដូច្នេះដែរ។ ជប៉ុនគិត១០ ឆ្នាំបានចាប់ផ្តើមធ្វើ ហើយបើធ្វើគឺ ១០០ឆ្នាំ ប៉ុន្តែចិនគិតមួយឆ្នាំ គឺចាប់ផ្តើមធ្វើភ្លាម មានន័យថាធ្វើលឿន ទៅវិញក៏លឿនដែរ។
លោកបានបន្ថែមថា ជនជាតិចិននៅពេលទៅដល់ប្រទេសណាមួយ គឺគេនិយមបង្កើតតំបន់ China Town។ China Town គឺជាតំបន់មួយ ដែលអាចឱ្យជនជាតិចិនរកស៊ីផ្តុំគ្នា រាប់សិបតូប ហាងទំនិញ និងក្រុមហ៊ុនជាដើម។ យ៉ាងណាមិញនៅកម្ពុជានៅមិនទាន់មានការទទួលស្គាល់ China Town នៅឡើយ។
“ឥឡូវឧទាហរណ៍ថា នៅសង្កាត់លេខ១ មានហាងចិន ១០ សង្កាត់លេខ២ មានហាងចិន ១០ សង្កាត់លេខ៣ មានហាងចិន១០ ទៅថ្ងៃក្រោយគាត់អាចឈប់ជួលហើយ គាត់នឹងដាក់ផ្តុំគ្នាតែម្តង។ នេះគឺជាក្បួនរកស៊ីរបស់ចិន នៅអាមេរិក ឬនៅអ៊ឺរ៉ុបឱ្យតែមាន China Town នៅកន្លែងណា គឺគាត់រស់នៅជុំគ្នាម្តុំហ្នឹង”៕