មេដឹកនាំ​អ៊ីរ៉ង់ ប្រាប់​នាយករដ្ឋមន្រ្តី​ជប៉ុន ថា​ប្រទេស​លោក​គ្មាន​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរទេ

  • 2019-06-14 04:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាន​បញ្ជាក់​ប្រាប់​នាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីនហ្សូ អាបេ ថា​អ៊ីរ៉ង់​គ្មាន​បំណង​បង្កើត ឬ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរឡើយ។ នេះ​បើតាម​ការថ្លែង​របស់​លោក អាបេ ទៅកាន់​អ្នក​កាសែត ក្រោយ​ជំនួប​ពិភាក្សា​នេះ កាលពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩ នៅក្រុង​តេហេរ៉ង់។

រូបថត៖ AP
លោក អាបេ ជា​នាយករដ្ឋមន្រ្តី​ជប៉ុនទី១ ដែលបាន​ធ្វើទស្សនកិច្ចនៅ​អ៊ីរ៉ង់ ក្នុង​រយៈពេល ៤១ឆ្នាំ​មកនេះ។ ដំណើរ​ទស្សនកិច្ច​លើក​នេះ គឺ​លោក​មានគោល​បំណង​បន្ថយ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អាមេរិក។

លោក អាបេ បាន​លើកយក​សម្តី​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ប្រាប់​មេដឹកនាំ​កំពូលអ៊ីរ៉ង់​ថា គាត់ (ដូណាល់ត្រាំ) មិនចង់​ឱ្យ​មាន​ការ​កើនឡើង​នៃ​ស្ថានភាព​​នេះទេ។

យ៉ាងណាមិញ​ក្រោយ​ជំនួប​នេះ លោក Ayatollah Ali Khamenei បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់​ថា លោក​នឹងមិនឆ្លើយតប​ទៅលោក ដូណាល់ ត្រាំ ឡើយ ដោយ​ថាលោក​ពុំមែន​ជាអ្នក​ដែល​ឆ្លើយឆ្លង​សារ​ជាមួយ​លោក​ត្រាំ​ឡើយ។ នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ប្រាប់​រូបលោក​ថា អាមេរិក ត្រៀម​ចរចា​យ៉ាង​សម្ងាត់​ជាមួយ​អ៊ីរ៉ង់ ប៉ុន្តែ​រូបលោក (Ayatollah Ali Khamenei) មិន​អាចជឿជាក់​លើ​អាមេរិក​បាន​ឡើយ។

សូម​ជម្រាប​ដែរថា កាលពី​ថ្ងៃទី១២ ខែ​មិថុនា លោក អាបេ ក៏បាន​ជួបជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីរ៉ង់ លោក Hassan Rouhani ផងដែរ។ លោក​អាបេ បានថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ជំនួបនេះ​ថា អ៊ីរ៉ង់ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការកសាង​សន្តិភាព និង​ស្ថិរភាព​ក្នុងតំបន់​មជ្ឈិមបូព៌ា។

«បច្ចុប្បន្ន ភាពតាន​តឹង​កំពុង​កើនឡើង​ខ្លាំងនៅ​មជ្ឈិមបូព៌ា។ អ្នក​ជំនាញ​ព្រមាន​ថា ការប៉ះទង្គិចគ្នា​អាចនឹង​បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ការប៉ះទង្គិចគ្នា​ដោយអាវុធ ត្រូវតែជៀសវាង​ដោយ​គ្រប់វិធី​ដាច់ខាត»។ នេះ​ជាការ​ថ្លែងរបស់​នាយករដ្ឋមន្រ្តី​ជប៉ុន៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;