កម្ពុជា-ជប៉ុន គ្រោង​សិក្សា​កំណត់​ផ្លូវ​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​ធ្វើដំណើរ​ដោយគ្មាន​ការ​រំខាន

  • 2019-06-19 07:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹងចាត់​ក្រុមអ្នក​ជំនាញ​ចុះ​សិក្សា​ជាមួយ​ភាគី​ជប៉ុន ដើម្បី​កំណត់​បណ្តាញ​ផ្លូវមួយ​ចំនួន​ជាផ្លូវ​ឯកទិស និងផ្លូវ អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​ធ្វើដំណើរ​ដោយគ្មាន​ការ​រំខាន និង​ឧបសគ្គ​អ្វីមួយ​កើតឡើង​ឡើយ។ នេះបើ​តាមការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន។

ថ្លែងក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ​ចំណត​រថយន្តក្រុង និង​ទទួលរថយន្តក្រុង ៨០គ្រឿង​ពី​រដ្ឋាភិបាល​ជប៉ុន​នៅព្រឹក​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៩ លោក ឃួង ស្រេង បាន​អះអាង​ថា ការកំណត់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​នេះ គឺ​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាមរយៈ​មធ្យោបាយ​សាធារណៈ​រួមមួយ​នេះ​ ឱ្យ​កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព ពោលគឺ​ទាក់ទាញ​អ្នកជិះ​ឱ្យ​បាន​កាន់តែ​ច្រើន ដែលជួយ​កាត់បន្ថយការប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​សំដៅ​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាងមា​នប្រសិទ្ធិភាព។

រូបថត៖ មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ
គម្រោង​កែលម្អ​ផ្លូវអាទិភាព​សម្រាប់​រថយន្តក្រុង​សាធារណៈ​នៅរាជធានីភ្នំពេញ​នេះ ដោយសារ​តែ បណ្តា​ផ្លូវខ្សែរត់​រថយន្តក្រុង​មួយចំនួន​ មានការ​ចត​យានយន្ត​គ្មាន​សណ្តាប់​ធ្នាប់​ហើយមាន​ការរំលោភ​លើចំណីផ្លូវ​សាធារណៈ ដែល​បង្ក​ការរំខាន​ដល់ការ​ធ្វើដំណើរ​របស់រថយន្តក្រុង​ ពុំបាន​លឿនរហ័ស ទាន់​ចិត្ត។

លោក​អភិបាល​​បន្ថែមថា រដ្ឋបាល​រាជធានីភ្នំពេញ​នឹងពន្លឿន​ការធ្វើ​កិច្ចការនេះ​ ឱ្យ​បាន​ឆាប់​ជាទីបំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ ដែល​កំពុង​កើតឡើង​ជាញឹកញាប់​នៅក្នុង​រាជធានី​ភ្នំពេញ ហើយកាត់បន្ថយ​ការរំខាន​ដល់ការ​ធ្វើដំណើររបស់​ប្រជាពលរដ្ឋ​ប្រកដោយ​ភាពងាយ ស្រួល និង​ធានា​សុវត្ថិភាព។

លោក​ ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ថា មធ្យោបាយ​ដឹកជញ្ជូន​តាមរយៈ​រថយន្ត​ក្រុង គឺមាន​ផល​ប្រយោជន៍​ច្រើន​សម្រាប់​ទីក្រុង និងមាន​សុវត្ថិភាព សម្រាប់​អ្នក​ដំណើរ។ ដូច្នេះ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​នឹងជួយ​ជំរុញ​ឱ្យ​រាជធានី​ភ្នំពេញ ដោះស្រាយ​បាន​បញ្ហា​កកស្ទះ​ចរាចរណ៍។

សូម​ជម្រាប​ថា មកដល់​ពេលនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ​បានចំនួន ១៣ខ្សែ​នៅតាម​បណ្តា​ផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយជា​មធ្យម​ក្នុងមួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមរយៈ​សេវា​មួយនេះ ចន្លោះពី ២ម៉ឺន៦ពាន់​នាក់ ទៅ៣ម៉ឺន​នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទថ្មី
;