ឥណ្ឌា ផ្តល់ជិត៩០ម៉ឺនដុល្លារសម្រាប់ការអនុវត្តគម្រោងនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា
- 2019-06-19 08:41:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា ផ្តល់ជិត៩០ម៉ឺនដុល្លារសម្រាប់ការអនុវត្តគម្រោងនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា
ចន្លោះមិនឃើញ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីជំនួយឥតសំណងរបស់សាធារណរដ្ឋឥណ្ឌា សម្រាប់ការអនុវត្តគម្រោងឆាប់ទទួលបានផលនៅកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
លោក លុយ ដាវីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលបានអនុម័ត និងគាំទ្រផ្នែកហិរញ្ញវត្ថុដល់គម្រោងរបស់កម្ពុជាចំនួន១៨ សម្រាប់ឆ្នាំ ២០១៩-២០២០ ក្រោមកិច្ចសហប្រតិបត្ដិការមេគង្គ-គង្គា ដែលមានថវិកាសរុបចំនួន ៨៩៥ ១៤៥ដុល្លារអាមេរិក។
លោកបន្តថា សាធារណរដ្ឋឥណ្ឌា គឺជាប្រទេសដំបូងគេបង្អស់ដែលបានយល់ព្រមចូលរួមជាមួយបណ្តាប្រទេសមេគង្គ ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គដំបូងគេ ដែលបច្ចុប្បន្ន ហៅថា «កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា»។
ចាប់តាំងពីការចាប់ផ្តើមគម្រោងឆាប់ទទួលបានផលក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នៅឆ្នាំ២០១៥មក កម្ពុជាទទួលបានគម្រោងសរុបចំនួន៣៤ ដែលមានវិសាលភាពគ្របដណ្តប់ លើសកម្មភាពកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ បរិស្ថាន ការអភិវឌ្ឍជំនាញ ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ការអភិវឌ្ឍជនបទ ធនធានទឹក និងបច្ចេកទេសព័ត៌មានវិទ្យា។ គម្រោងមួយចំនួនត្រូវបានបញ្ចប់ជាស្ថាពរ និងគម្រោងដែលនៅសល់ផ្សេងទៀត មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
រដ្ឋលេខាធិការក្រសួងការបរទេសបានបន្ថែមថា សមិទ្ធផលជាក់ស្តែងមួយទៀត ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះគឺ "សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី" ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៤ ខេត្តសៀមរាប ប្រទេសកម្ពុជា។ សារមន្ទីរនេះ ជាការបង្ហាញយ៉ាងច្បាស់លាស់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ក្នុងចំណោមបណ្តាប្រទេសមេគង្គ-គង្គាទាំង៦ ក្នុងការថែរក្សាអារ្យធម៌ និងកេរ្តិ៍ដំណែលវប្បធម៌៕